ឯកឧត្តម ម៉ុម ជឹមហ៊ុយ ថ្លែងថា សុខទុក្ខពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ ដែលត្រូវតែបំពេញ និងដោះស្រាយជូន

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំក្រុមមន្ត្រី ចុះសំណេះសំណាល ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងសង្កាត់វាលស្បូវ ដើម្បីក្តោបព័ត៌មាន និងស្តាប់របាយការណ៍ផ្សេងៗ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, អភិបាលរងខណ្ឌ, លោកស្រីចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលវាលស្បូវ និងក្រុមមន្ត្រីខណ្ឌ សង្កាត់ជាច្រើននាក់ទៀតនោះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណះកម្មាធិការទី៧ សមាជិកព្រឹទ្ធិសភា បានថ្លែងថា សុខទុក្ខពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ ដែលត្រូវតែបំពេញ និងដោះស្រាយជូន ។

ក្នុងអង្គពិធីសំណេះសំណាលខាងលើ លោកលោកស្រីជាចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល ក៏បានថ្លែងប្រាប់ជារបាយការណ៍ផ្ទាល់មាត់អំពីស្នាដៃ និងការបំពេញកាតព្វកិច្ចរបស់ខ្លួនកន្លងមក ជូនដល់គណះអធិបតី ដើម្បីទទួលជ្រាបផងដែរ ។ សង្កាត់វាលស្បូវ មានចំនួនប្រជាជនរស់នៅសរុប ២៧២២គ្រួសារ ស្មើរនឹង ១២០៤០នាក់ ។

ទន្ទឹមនឹងនោះ លោក ចេង មុនីរ៉ា បានរៀបរាប់ជូនគណះអធិបតី អំពីកិច្ចការងាររដ្ឋបាលជាច្រើន ដែលរដ្ឋបាលខណ្ឌ និងសង្កាត់វាលស្បូវ បានធ្វើរួមគ្នាកន្លងមក ទាំងការផ្តល់នូវសេវាតម្រូវការផ្សេងៗ ការដោយះស្រាយនូវបញ្ហា និងទុក្ខកង្វល់បងប្អូនពលរដ្ឋ ពិសេសការថែរក្សាការពារនូវសន្តិសុខសុវត្ថិភាពផ្សេងៗជាច្រើន ដើម្បីធានាបានដល់ការរស់នៅរបស់ពួកគាត់ទាំងអស់គ្នាផងដែរ ។

ក្រោយទទួលស្តាប់នូវការលើកឡើងរបស់លោកអភិបាលខណ្ឌ ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលនគរបាលរួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានមានប្រសាសន៍កោតសសើរខ្ពស់ ដល់ថ្នាក់ដឹកនាំរដ្ឋបាល សង្កាត់ និងខណ្ឌ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទះមុតមាំ ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋនៅតាមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។

ឯកឧត្តម ប្រធានគណះកម្មាធិការទី៧ ព្រឹទ្ធិសភា បានណែនាំ ដល់មន្ត្រីថ្នាក់ភូមិ សង្កាត់ ខណ្ឌ ត្រូវប្រើប្រាស់នូវឥរិយាបទ អោយបានសមរម្យជាមួយពលរដ្ឋ ក្នុងពេលបំពេញកាតព្វកិច្ច និងកំឡុងពេលបំពេញតម្រូវការផ្សងៗជូនពួកគាត់ ជៀសវៀងប្រើសម្តីមិនសមរម្យ ធ្វើអោយពួកគាត់មានការថ្នាំងថ្នាក់ ឬកើតក្តីខឹងសម្បាជាមួយអាជ្ញាធរ ដែលជាមន្ត្រីបម្រើប្រជាជន ។ លើសពីនោះ អាជ្ញាធរ ត្រូវចុះជាប់ និងនៅគៀកជានិច្ចជាមួយពលរដ្ឋ ដើម្បីបានដឹងពីសុខទុក្ខលំបាករបស់ពួកគាត់ ក្នុងការយកមកពិភាក្សា រកដំណោះស្រាយជូនពួកគាត់អោយមានប្រសិទ្ធិភាពខ្ពស់ ។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានស្នើរអោយអាជ្ញាធរសង្កាត់-ខណ្ឌ ពិសេស សង្កាត់វាលស្បូវនេះ ត្រូវបន្តការខិតខំប្រឹងប្រែងថ្លែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ ក៏ដូចជាបំពេញសេចក្តីសុខជូនប្រជាជន និងដើម្បីបុព្វហេតុប្រទេសជាតិទាំងមូលផងដែរ ។

ក្នុងពិធីនោះដែរ គណះអធិបតី ក៏បានឧបត្ថម្ភ ថវិកាមួយចំនួន ដល់រដ្ឋបាលសង្កាត់ផងដែរ ៕