អភិបាលខណ្ឌច្បារអំពៅ ស្នើរដល់អ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ មានការយោគយល់ចំពោះបញ្ហាកកស្ទះ ដោយក្រុមជំនាញ កំពុងជួសជុលបង្កាន់ដៃស្ពាន និងកន្លែងថ្មើរជើង នៃស្ពានព្រះមុន្នីវង្សចាស់

ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះដោយផ្ទាល់ដល់ទីតាំងកកស្ទះចរាចរណ៍ផ្លូវជាតិលេខ១ ត្រើយខាងកើតគល់ស្ពានព្រះមុន្នីវង្ស កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១ ដើម្បីបញ្ជារដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងនគរបាលចរារណ៍ ក្នុងការឈរសម្រួល និងរំដោះការកកកុញស្ទះ ដែលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ គិតចាប់ពីបុរីប៉េងហួតបឹងស្នោរ ដល់ចំណុចគល់ស្ពានព្រះមុន្នីវង្សចាស់ថ្មី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក ចេង មុនីរ៉ា បានឱ្យដឹងថា មូលហេតុ នៃការកកស្ទះ គឺដោយសារក្រុមការងារជំនាញ កំពុងជួសជុលបង្កាន់ដៃស្ពាន និងកន្លែងថ្មើរជើង នៃស្ពានព្រះមុន្នីវង្សចាស់ ដែលបានខូចខាត ដោយការជួសជុលនោះ គឺត្រូវជួសជុលប្រវែង៣ម៉ែត្រសងខាង ប៉ុន្តែជួសជុលត្រូវជួសជុលម្តងម្ខាង ដែលកត្តានេះ ធ្វើស្ថានភាពចរាចរណ៍នៅលើស្ពាន ហាក់មានភាពចង្អៀត ។

ទន្ទឹមនឹងការជួសជុលនោះ លោកអភិបាលខណ្ឌក៏បានដាក់កម្លាំងនគរបាល និងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ខណ្ឌជាច្រើននាក់ ក្នុងការចុះជួយសម្រួល ដល់ការកកស្ទះជាប្រចាំផងដែរ នោតាមបណ្តាគោលដៅសម្ខាន់ៗ ពិសេសចំណុចស្តុបផ្សារច្បារអំពៅ និងនៅលើស្ពានព្រះមុន្នីវង្សចាស់ជាដើម ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកំពុងស្ថិតក្នុងការអភិវឌ្ឍន៍កាន់តែជឿនលឿនទៅមុខ ធ្វើអោយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងប្រទេស មានការរីកលូតលាស់ ពិសេសនោះ កំណើនយានយន្ត ក៏មានការលក់កើនឡើងច្រើន ស្របនឹងកំណើនប្រជាជនបច្ចុប្បន្នក៏ច្រើនផងដែរ ។ កត្តានេះ ក៏ជាផ្នែកមួយតូច ដែលបង្កអោយមាន នូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ពិសេស គឺការកកស្ទះនៅពេលព្រឹកឡើងម៉ោង៧ និងល្ងាចម៉ោង៥ ដែលជាវេលាដែលបងប្អូនពលរដ្ឋចេញទៅ ឬមកពី ធ្វើការងារ រកស៊ី ទៅរៀនសូត្រ ជាដើម ។ ដូចនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបររពអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីអាយុជីវិតអ្នក និងអាយុជីវិតអ្នកដំណើរដទៃទៀត ៕