ភ្នំពេញ៖ លោក កូយ សៅ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានចេញដីកាសម្រេចមិនឃុំខ្លួនស្ត្រីម្នាក់ ដែលពាក់សំណុំរឿងចេញសែកគ្មានសាច់ប្រាក់។
បើយោងតាមប្រភពពីសមត្ថកិច្ច ជនត្រូវចោទដែលលោក កូយ សៅ សម្រេចដោះលែងនោះ មានឈ្មោះ សន ថាន់សុធារី ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅផ្ទះលេខ២០៧ ផ្លូវ៣១បេតេ ភូមិសន្សំកុសល់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនត្រូវចោទឈ្មោះ សន ថាន់សុធារី ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ តាមដីកា «បញ្ជាឲ្យចូលខ្លួន» របស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនត្រូវចោទឈ្មោះ សន ថាន់សុធារី ត្រូវបានដើមបណ្ដឹងឈ្មោះ ចាន់ ឧសភា ដាក់ពាក្យប្ដឹងទៅកាន់តុលាការក្រុងភ្នំពេញ បន្ទាប់ពីរងគ្រោះព្រោះអំពើឆបោកប្រាក់ចំនួន ៦២,០០០ដុល្លារ និងបានមកវិញត្រឹមតែជាសែកស្អុយចំនួន ៤សន្លឹក ហើយឈ្មោះ សន ថាន់សុធារី ព្យាយាមគេចវេសមិនព្រមសងប្រាក់ដើមសូម្បីតែមួយសេន។
ក្រោយពីបើកការស៊ើបសួរ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើឈ្មោះ សន ថាន់សុធារី ពីបទ «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាននិងប្រតិបត្តិការទូទាត់ប្រាក់» ប្រព្រឹត្តនៅផ្ទះលេខ៦ ផ្លូវ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៩ និងថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៩ យោងតាមមាត្រ ២៣១ ច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។
ឯកឧត្តម ច្រឹង ខ្មៅ បានបញ្ជូនសំណុំរឿង និងជនត្រូវចោទ ទៅជូនចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី និងបានស្នើឲ្យមានការឃុំខ្លួនឈ្មោះ សន ថាន់សុធារី ក្នុងពន្ធនាគារជាបណ្ដោះអាសន្ន។
ប៉ុន្តែជាអកុសល នៅពេលដែលសំណុំរឿងនេះ ត្រូវបានលោកចៅក្រម កូយ សៅ រកលែងឃើញកំហុសដែលត្រូវឃុំខ្លួនជនត្រូវចោទ និងសម្រេចដោះលែងឈ្មោះ សន ថាន់សុធារី ឲ្យមានសេរីភាពជាធម្មតាវិញ យ៉ាងរំភើយដោយគ្មានខ្វល់ពីការខាតបង់របស់ជនរងគ្រោះឡើយ។
បើយោងតាម ដីកាសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្ន របស់សាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា ការដោះលែងជនត្រូវចោទឈ្មោះ សន ថាន់សុធារី ឲ្យមានសេរីភាពនោះ ពុំមានការយល់ព្រមពី ភាគីតំណាងអយ្យការនោះទេ។
ជនរងគ្រោះ និងជាដើមបណ្ដឹង សង្ឃឹមថា ឯកឧត្តម ច្រឹង ខ្មៅ ដែលជាតំណាងអយ្យការកាន់សំណុំរឿងនេះ នឹងប្ដឹងឧទ្ធរណ៍ប្រឆាំងសេចក្ដីសម្រេចរបស់លោកចៅក្រម កូយ សៅ និងដើម្បីជួយរកយុត្តិធម៌ជូនរងគ្រោះផងដែរ៕