ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ និងមន្ត្រីមួយចំនួនទៀតចំណុះ រដ្ឋបាលសាលាក្រុងព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើររដ្ឋបាលក្រុងព្រះសីហនុ មន្ត្រីគ្រប់អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ ក្រុមប្រឹក្សាសង្កាត់ដែលកន្លងមក បានខិតខំរួមសាមគ្គីគ្នាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដឹកនាំគ្រប់គ្រងអនុវត្តការងារលើគ្រប់វិស័យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ទន្ទឹមនឹងការលើកសរសើរ លោក អភិបាលរងខេត្ត ក៏បានណែនាំរដ្ឋបាលក្រុងព្រះសីហនុ ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព យកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ តាមតួនាទីភារកិច្ចឱ្យបានហ្មត់ចត់។ត្រូវមានការសហការសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយរវាងថ្នាក់លើ និងថ្នាក់ក្រោមនិងបណ្ដារមន្ទីរ អង្គភាពនិងដៃគូអភិវឌ្ឍន៍នានា។បង្កើនប្រសិទ្ធភាពការគ្រប់គ្រងមន្ត្រីរាជការ សម្របសម្រួលតាមដានការងារ ផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដើម្បីបង្កើនការជឿជាក់លើការដឹកនាំ។ត្រូវមានគំនិតផ្ដួចផ្ដើមនិងមនសិការការងារខ្ពស់ប្រកបដោយតម្លាភាពគណនេយ្យភាព និងអភិបាលកិច្ចល្អ។ យកចិត្តទុកដាក់សម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយភាពឈ្លាសវៃ ត្រូវមានចក្ខុវិស័យ ទិសដៅ ផែនការការងារច្បាស់លាស់។ត្រូវសិក្សាស្វែងយល់ពីគោលការណ៍ ដើម្បីពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ធ្វើការចែករំលែកចំណេះដឹងដល់មន្ត្រីបន្តវេន និងពង្រឹងរបៀបរបបធ្វើការងារឱ្យស្របតាមច្បាប់មន្ត្រីរាជការស៊ីវិល និងសេចក្តីណែនាំនានាដែលកំណត់របស់ក្រសួងមហាផ្ទៃ។
ក្នុងនោះដែរ លោក ម៉ាង ស៊ីណេត បានណែនាំឱ្យជម្រុញការបន្តផ្សព្វផ្សាយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ដើម្បីធានាថាសហគមន៍របស់យើងមិនមានការឆ្លងជំងឺកូវីដ១៩។
លោកស្រី ឈុន ដារី អតីតអភិបាលរងស្រុកស្ទឹងហាវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលរង
ក្រុងព្រះសីហនុវិញ។លោកស្រីបានបេ្តជ្ញាចិត្តថានឹងបន្តខិតខំអនុវត្តការងាររបស់ខ្លួនដោយខ្ជាប់ខ្ជួន ស្មោះត្រង់ ស្របតាមនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋាន ការណែនាំនានា ដើម្បីប្រជាពលរដ្ឋអោយអស់ពីកំលាំងកាយចិត្ត៕(សាវ៉ុន)