សមត្ថកិច្ចចម្រុះបង្រ្កាបបទល្មើសជលផល នៅបឹងរំលាច ក្រុងក្រចេះ រឹបអូសឧបករណ៍នេសាទខុសច្បាប់ ដុតបំផ្លាញចោល

ក្រចេះ : មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រចេះ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រចេះ មានផ្នែករដ្ឋបាលជលផលកាំពី ចៅសង្កាត់រកាកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល កងរាជអាវុធហត្ថក្រុងក្រចេះ សហគមន៍នេសាទរកាកណ្តាល និងប្រជាការពារសង្កាត់ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងរំលាច ស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ។

ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ គឺបានចុះត្រួតពិនិត្យនៅចំណុចទីតាំងខាងលើកម្លាំងសមត្ថកិច្ចរកឃើញឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទដែលក្រុមអ្នកនេសាទបានធ្វើសកម្មភាពដាក់យកត្រីនៅចំណុចទីតាំងបឹងមួយនេះដែលស្ថិតនៅក្នុងក្រុងក្រចេះ ។

ជាមួយនឹងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងនៃបទល្មើសរួមមាន÷
– របាំងសាច់ស្បៃមុង ចំនួន២៥ខ្សែប្រវែង ១២៥០ម៉ែត្រ
– លូស្បៃមុងចំនួន២៥ ម៉ាត់លូ
-បង្គោលចម្រឹងឫស្សីឃ្លៃ ៣៧៥ ដើម
-ចាក់លែងត្រីចូលបឹងវិញ ចំនួន១២ គីឡូក្រាម។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ឲ្យដឹងថា វត្ថុតាងទាំងអស់ដែលកម្លាំងសមត្ថកិច្ចយើងដកហូតបាន គឺសម្រេចធ្វើការដុតបំផ្លាញចោលលូស្បៃមុង និងលូសាច់អួនក្រឡាញឹក ដោយឡែករបាំងស្បៃមុង និងរបាំងសាច់អួន ត្រូវបានដឹកយកមករក្សាទុកនៅអគារខណ្ឌរដ្ឋបាលជលផល ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ការងារកសិកម្មនៅពេលមានការស្នើសុំពីពួកគាត់ តាមរយៈអាជ្ញាធរមូលដ្ឋាន។

លោក ម៉ុក ពន្លក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ សុំមេត្តាកុំប្រើប្រាស់នូវរាល់ឧបករណ៍នេសាទ ដែលច្បាប់បានហាមឃាត់ ដើម្បីកុំឲ្យមានការពាក់ព័ន្ធនឹងផ្លូវច្បាប់ក៏ដូចជាកាចូលរួមនៅក្នុងការថែរក្សាពូជត្រីឱ្យបានគង់វង្សផងដែរ ៕