ប៉ូលិសចុះបង្ក្រាបនិងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់នៅក្នុងភូមិសាស្រ្តស្រុកគិរីវង់

ខេត្តតាកែវ ៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ប៉ូសីស ស្រុកគីរីវង់បានបើកប្រតិបត្តិការឡើងភ្នំចំនួន២លើកដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តស្រុកគិរីវង់ថែមទាំងបានបំផ្លាញដើម និងកូនកញ្ឆាបានមួយចំនួនធំ ។ការបង្ក្រាបនេះគឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានឲ្យដឹងថា លោកបានដឹកនាំកម្លាំងចុះបង្ក្រាបដំណាំកញ្ឆាចំនួនពីរលើក ដោយលើកទី១នៅថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី បានចុះស្រាវជ្រាវរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់បានចំនួន១២ទីតាំង បំផ្លាញអាងស្តុកទឹក០៨ នៅចំណុចខ្នងភ្នំដុបទឹកត្របែក ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ លើផ្ទៃដីប្រមាណ២៥៧១ម៉ែត្រក្រឡា។ និងលើកទី២នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ បានបន្តចុះបង្រ្កាបសារជាថ្មីនូវទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន០៦ទីតាំង នៅចំណុចខ្នងភ្នំដុបកំសត់ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ថែមទាំងបានកាប់ និងដុតបំផ្លាញចោលដើមកញ្ឆាលើផ្ទៃដីសរុបចំនួន៩៨២ម៉ែត្រការ៉េ និងអាងស្ដុកទឹកចំនួន០៥អាង។

បច្ចុប្បន្នលោកអធិការបានដាក់កម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ដាំដំណាំកញ្ឆាទាំងនោះដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕