ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទី​១​ សែន​កុងម៉ា​​ ហើយ​​បិទទ្វារ​ទៅ​លេង​ផ្ទះ​ដន្លង​ មិន​បាន​ពន្លត់​ភ្លើង​ទៀន​ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់​អស់​ផ្ទះ​១ខ្នង​​​ នៅ​ស្រុកចំការលើ​

កំពង់ចាម​:​ លំនៅឋាន​១ខ្នង​ រួមជាមួយ​នឹង​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់អស់​ទាំងស្រុង​ ខណៈ​ម្ចាស់​ផ្ទះ​រៀបចំ​សែន​កុងម៉ា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទី​១​ ហើយ​បិទទ្វារ​ទៅ​លេង​ផ្ទះ​ដន្លង​នៅ​ភូមិ​ផ្សេង​ ដោយ​មិន​បាន​ពន្លត់​ភ្លើង​ទៀន​​។ ​​ ហេតុការណ៍​នេះ​បាន​កេីត​មាន​ឡើង​កាល​ពី​វេលាម៉ោង​២និង​៣០នាទី​ ​រសៀល​ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅ​ក្នុង​ភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ក្រោយពីទទួលបានពត៌មាន លោកឧត្តមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បានបញ្ជាអោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គីភ័យ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់​ភ្លាមៗ​ ដោយ​មិន​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡេីយ​ ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​នេះមានឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅ​ក្នុង​ភូមិ​កេីតហេតុ​ខាង​លើ​ ។ ដែល​បណ្ដាល​ឲ្យ​ផ្ទះទំហំ ៦ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា ថ្មក្រោម​ ឆេះ​អស់​ទាំងស្រុង​ ។ រួម​នឹង​ទ្រព្យសម្បត្តិ​មាន​ដួច​ជា​ ទូរទស្សន៍០២គ្រឿង ស្រូវ១០បេ ប្រាក់៣០០ដុល្លា ខ្សែរកមាស៥ជី កង់ដៃ២១ធ្វើពីផ្លាកទីន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចំពោះ​មូលហេតុ: ម្ចាស់ផ្ទះសែនរួចបិតទ្វារទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ដោយ​មិនបានពន្លត់ភ្លើងទៀននៅលើហ៊ឹងកុងម៉ា ។

គួរ​បញ្ជាក់​ថា​ ក្នុងកិច្ចប្រតិបត្តិការណ៍នោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាអោយរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ០១គ្រឿង ចុះជួយអន្ដរាគមន៍​ ដោយ​ប្រើប្រាស់ទឹកអស់០៤រថយន្ដ​ ក្នុង​ការ​ជួយ​អន្តរាគមន៍​ពន្លត់​ មិន​បណ្ដាល​ឲ្យ​ឆាបឆេះ​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ឡើយ​ ៕