មេបញ្ជាការរងកងទ័ពជើងគោក នាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំងវិស្វកម្ម​ ដែលកំពុងបំពេញការងារស្ថាបនាផ្លូវ​

ព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងវិស្វកម្ម ដែលបានកំពុងបំពេញភារកិច្ច ឈូសឆាយ​ កៀរសម្រួលក្នុងទីបញ្ជាការស្រាល​ របស់កងពលធំលេខ៣ នៅភូមិសាស្រ្តមុំ៣​ ខេត្តព្រះវិហារ។

កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចុងសប្តាហ៍នេះ។ អមដំណើរដោយឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នៅក្នុងអង្គភាពទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៩។

ជាមួយគ្នានោះឯកឧត្តមមេបញ្ជាការ​ ក៏បានអញ្ជេីញ ជួបសួរសុខទុក្ខ និងកោតសរសេីរ នូវការខិតខំប្រឹងប្រែង​ បំពេញភារកិច្ច របស់កងកម្លាំងវិស្វកម្ម នៅក្នុងការឈូសឆាយ កៀរសម្រួល ស្ថាបនាផ្លូវ ក្នុងទីបញ្ជាការស្រាល​ របស់កងពលធំអន្តរាគមន៍លេខ៣ នៅភូមិសាស្រ្តមុំ៣ បានយ៉ាងល្អប្រសើរ។

សូមជម្រាបថា៖ ការងារនេះចាប់ផ្តេីមនៅថ្ងៃទី១៣​ ខែកុម្ភ:​ ឆ្នាំ២០២១​ និងបានបញ្ចប់នៅថ្ងៃនេះ​ ដោយបានសម្រេចការងាររួមមាន៖

-កៀរសម្អាតផ្លូវ​ បានប្រវែង៤២០០ម៉ែត្រ​ ទទឹង៥ម៉ែត្រ​។

-កៀរសម្អាតទីលានយន្តហោះ​ និងជុំវិញទីលានយន្តហោះ​ ហេីយមួយកន្លែង។ 

-កៀរសម្អាតផ្លូវ​ ក្នុងទីបញ្ជាការស្រាលបាន​ ប្រវែង១៥០ម៉ែត្រ​ ទទឹង៥ម។ 

អំណោយដែលឧបត្ថម្ភដល់កងកម្លាំងវិស្វកម្ម នាឱកាសនោះរួមមាន៖ ជាថវិកា ចំនួន ៤លាន ៥សែនរៀល, ទឹកសុទ្ធ ចំនួន​ ៨៧យួរ, ទឹកត្រីចំនួន ២យួរ, ទឹកស៊ីអីវ ​ចំនួន​ ២យួរ, មី ចំនួន​ ៤កេស, ត្រីខ ​ចំនួន​ ១កេស, ស្រាបៀរ ចំនួន​ ២កេស, ទឹកក្រូច ចំនួន​ ៥កេស, បន្លៃគ្រប់មុខចំនួន ៩០គីឡូក្រាម, និងសត្វមាន់ ចំនួន ១០ក្បាល៕សួនលីណា