ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក ជាអធិការស្រុកកំរៀង ដោយមូលហេតុ អនុវត្តការងារខុសនីតិវិធី ។
ការសម្រេចផ្អាកការងាររបស់ លោកអធិការស្រុកកំរៀង ជាបណ្ដោះអាសន្នាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវជុំវិញរឿងរ៉ាវដែលមានមន្ត្រីទាហាន បានចាប់បានមេក្លោងនាំមនុស្សពីថៃចូលស្រុកខ្មែរហើយនោះ បែរជាម្ត្រីនគរបាល ធ្វើការដោះលែងវិញ ។
នៅក្នុងសារសម្លេងរបស់សម្តេចតេជោ ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថាការ «ដូចជាយប់មិញខ្ញុំបានបញ្ជាទៅកាន់ខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ អំពីព័ត៌មានទាក់ទិននឹងការ ចាប់បានពួកធ្វើសកម្មភាព ចាប់បាន ពួកអ្នកនាំផ្លូវហើយបែរជាដោះលែងទៅវិញ ដែលអាចនាំទៅដល់ការដកឋានន្តរស័ក ឬបណ្តេញចេញពីជួរតែម្តង នូវមន្ត្រីនគរបាលណាដែលអនុវត្ត ខុសឆ្គង ទៅនឹងវិធានការទាំងឡាយដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស ហើយការរត់ពន្ធមនុស្សនេះគឺស្ថិតក្នុងការធ្ងន់ធ្ងរដែលវាអាចនាំទៅដល់មហន្តរាយ នៃសុខភាពសាធារណៈដោយសារជំងឺឆ្លង» ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា «ខ្ញុំ សុំឲ្យចាប់ប្រមូលអ្នក ដែលជាប់ពាក់ព័ន្ធជាមួយនឹងការនាំមនុស្សឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តនូវការផន្ទាទោស» ឬក៏ណែនាំពួកគេយា់ងណានោះ ដើម្បីឲ្យពួកគេឈប់នាំមនុស្សឆ្លងដែន ។
សូមរម្លឹកថាសម្តេចតេជោ ហ៊ុន សែន ក្នុងសារជាសំឡេង នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក៏បានដាក់ចេញបទបញ្ជាសាជាថ្មី ទៅកាន់អភិបាលខេត្តនៅជាប់ព្រំដែនថៃទាំងអស់ ត្រូវតែរឹតបន្តឹងតាមព្រំដែនឲ្យបានម៉ឺងម៉ាត់ជាងមុន លើការឆ្លងដែនរបស់ពលករខ្មែរមកពីថៃ ៕