ខេត្តកំពង់ធំ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ បានធ្វើការផ្សព្វផ្សាយជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនគ្រប់រូប ស្ដីពីការស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារមេរោគកូវីដ19 ដើម្បីសុខភាពយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃច័ន្ទទី ១៥ ខែកុម្ភ ឆ្នាំ ២០២១។
ឧត្តមសេនីយ៍ត្រីង៉ាង ស មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានអាននូវសេចក្តីប្រកាសព័ត៌មានលេខ ០១៧ ប្រ ក របស់ក្រសួងការពារជាតិស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដល់យោធិនដែលស្ម័គ្រចិត្ត ក្នុងនោះលោកវរសេនីយ៍ត្រីលី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយនូវលក្ខខណ្ឌ ដែលអាចចាក់វ៉ាក់សាំងការពារមេរោគកូវីដ19 បាន និងលក្ខខណ្ឌមួយចំនួនទៀតដែលមិនអាចចាក់វ៉ាក់សាំងបាន ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានខិតខំពុះពារគ្រប់បែបយ៉ាងដើម្បីទទួលបានវ៉ាក់សាំងការពារមេរោគកូវីដ19 ក្រោមជំនួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីការការពារសុខភាពជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ភ្នាក់ងារសុខាភិបាល និងប្រជាពលរដ្ឋ ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 នៅព្រះរាជាណាចក្រកម្ពុជាយើង។
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏ដូចជាយោធិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ និងបានថ្លែងអំណរគុណដល់យោធិន និងក្រុមគ្រួសារដែលអនុវត្តបានល្អនូវធានការការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ១៩កន្លងមកតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានអំពាវនាវដល់កងកម្លាំងទាំងអស់ដែលមានគ្រប់លក្ខណៈសម្បត្តិ សូមត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលការចាក់វ៉ាក់សាំង នៅតាមគោលដៅ ដែលថ្នាក់លើបានកំណត់ ឲ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា ។
ដោយ ប៊ុន រដ្ឋា




































