ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាល ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាម ត្រូវទប់ស្កាត់ឱ្យបានការលួចឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
ការដាក់បទបញ្ជានេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៅតាមបណ្តាគោលដៅ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
ឯកឧត្តមអភិបាលខេត្តបន្តថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលក្នុងប្រទេសកម្ពុជា ក៏ដូចជាភូមិសាស្ត្រខេត្តកណ្ដាល ពិសេសត្រូវអនុវត្តតាមអនុសាន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តី ណែនាំរបស់ក្រសួងសុខាភិបាលលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ កងកម្លាំង នៅតាមបណ្តាគោលដៅ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម របស់ស្រុកកោះធំ និងស្រុកលើកដែក ត្រូវយកចិត្ដទុកដាក់ សហការជាមួយ នគរបាលការពារព្រំដែនចេញល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាត ឱ្យមានប្រជាពលរដ្ឋទាំងសងខាង លួចឆ្លងដែន ដាច់ខាតនៅគ្រប់បណ្តាគោលដៅទាំងអស់។ ហើយត្រូវដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឱ្យបានត្រឹមត្រូវនៅពេលដែលមានប្រជាពលរដ្ឋឆ្លងកាត់ព្រំដែនដើម្បីការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕ដោយ -រ៉ាវុធ