មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ រាជរដ្ឋាភិបាលគាំទ្រចំការឈើដាំបានផ្តល់នូវផលប្រយោជន៍ជាច្រើនសំរាប់បរិស្ថាន និងធនធានធម្មជាតិ

0

ក្រចេះ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលគាំទ្រចំការឈើដាំបានផ្តល់នូវផលប្រយោជន៍ច្រើនសំរាប់បរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តម បន្ថែមថា សំរាប់បរិស្ថានគឺបានផ្តល់សារៈប្រយោជន៍ នៃការដាំចំការឈើនេះគឺអាចយកមកប្រើប្រាស់ កែច្នៃចាប់តាំងពីគល់រហូតដល់ចុង ហើយវាក៏បានចូលរួមក្នុងការបង្កើតនូវគំរប បៃតងរបស់ប្រទេសកម្ពុជាយើង។សំរាប់ធនធានធម្មជាតិ ចំការឈើដាំនេះគឺបានដើរតួនាទីយ៉ាងសំខាន់ណាស់ ដែលឈើទាំងអស់នេះ គឺជំនួសការប្រើប្រាស់ធើធម្មជាតិ ហើយយើងខិតខំប្រឹងប្រែងនៅក្នុងការការពារ និងអភិរក្ស។

ការថ្លែងបញ្ជាក់បែបនេះ ធ្វើឡើនៅក្នុងពេលដែល ឯកឧត្តម នេត្រ ភក្រ្តា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន កាលពីពេលចុងសប្តាហ៍នេះ ក្នុងកម្មវិធីបោះជំរុំរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «យើងស្រេឡាញ់ព្រៃឡង់» នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយ អូថេក ដោយមានការអ្នកចូលរួមប្រមាណជាង ៣០០នាក់ មកពីគ្រប់មជ្ឈដ្ឋានរួមមានមន្ត្រីរាជការក្រសួងបរិស្ថាន និងមកពីក្រសួងស្ថាប៍នរដ្ឋផ្សេងទៀត អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាញសហគមន៍តំបន់ ព្រះ សង្ឃ យុវជន ប្រជាសហគមន៍ និងអ្នកសារព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្តា បានបន្ថែមថា ការវិនិយោគទៅលើចំការឈើដាំ គឺជាផ្នែកមួយនៃការចូលរួម សម្ពាធទៅលើធម្មជាតិ ពីព្រោះបច្ចុប្បន្ននេះ នៅលើពិភពលោក និន្នាការនៃការប្រើប្រាស់ឈើធម្មជាតិ គឺមានការធ្លាក់ចុះ ប្រជាពលរដ្ឋគាត់ចាប់ផ្តើមយល់ដឹងអំពី ផលប៉ះពាល់ដែលពាក់ព័ន្ធជាមួយនិង បរិស្ថាននៅពេលដែលប្រើប្រាស់ឈើធម្មជាតិ។ ឯកឧត្តម បានបន្ថែមថា នៅបណ្តាប្រទេសប៉ែកអ៉ឺរ៉ុប អាមេរិក គឺគេបានកែច្នៃឈើដាំ ដែលងាយនិងដាំ ងាយទទួលបានផល ហើយវាមិនបានដាក់សម្ពាធទៅលើធនធានធម្មជាតិនោះទេ។​ ដោយឡែកប្រជាពលរដ្ឋពីមុនមក ដែលមានទំនៀមទំលាប់ប្រើប្រាស់គ្រឿងសង្ហាររឹម មានឈើធម្មជាតិជាដើម គឺគាត់តែងតែ ប្រើឈើសង្ហាររឹមពីធម្មជាតិ នេះគឺជាបញ្ហាមួយដែលធ្វើមានសម្ពាធទៅលើឈើធម្មជាតិ ពីព្រោះនៅពេលដែលមានតម្រូវការប្រើប្រាស់ គឺត្រូវមានការផ្គត់ផ្គង់ ដែលនេះគឺជា បញ្ហាប្រឈមដែលយើងត្រូវការទប់ស្កាត់ផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា « អញ្ជឹងបើយើងមានអ្វីជំនួសដូចជា ឈើធម្មជាតិនេះ គឺវាអាចនិងកាត់បន្ថយ ហើយឥឡូវនេះប្រជាពលរដ្ឋមួយចំនួន នៅតាមទីប្រជុំជន យើងឃើញគ្រឿងសង្ហាររឹមដែលគាត់ប្រើ សំរាប់ការតុបតែងនៅការិយាល័យធ្វើការ ឬ នៅផ្ទះគាត់មួយចំនួន គឺគាត់បានប្រើប្រាស់របៀបនៃឈើកែច្នៃ»។

 

យោងតាមការបញ្ជាក់ពីលោកការបញ្ជាក់ពីលោក សាន សុខហៀង តំណាងរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក បានឱ្យដឹងថា ឈើដែលក្រុមហ៊ុនបានទទួលសិទ្ធពីរាជរដ្ឋាភិបាលសរុបទាំងអស់ ៣៤០០៧ ហិកតា ក្នុងនោះក្រុមហ៊ុន បានកាត់ផលប៉ះពាល់ ជាមួយនិងប្រជាពលរដ្ឋ នៅក្នុងសហគមន៍ រួចមកគឺនៅសល់ប្រហាក់ប្រហែលជា ២៥០០០ ហិកតា ។ លោកបន្ថែមថា ចំពោះព្រៃដែលនៅសេសសល់ ក្រសួងកសិកម្ម រុក្ខប្រមាញ៉និងនេសាទ បានឱ្យក្រុមហ៊ុនធ្វើការជាមួយនិងដៃគូ ហើយប្រភេទឈើដែលនៅសេសសល់ទាំងអស់នេះ គឺជាឈើក្រៅចំណាក់ថ្នាក់ និងប្រភេទឈើផ្សេងៗដែល​មិនមានតម្លៃនៅក្នុងទីផ្សារ។ បន្ទាប់ពីទទួលបានសិទ្ធិក្នុងការដាំដុះក្រុមហ៊ុនបានធ្វើសកម្ម​ភាព​​យ៉ាង​​សកម្មដោយឈូសឆាយផ្ទៃដី និងដាំដុះឈើ ហើយមានឈើមួយចំនួនបានធំអាចកាប់យកកែច្នៃបានផងដែរ។ លោក សុខហៀង បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនដាំដុះឈើ​​លើផ្ទៃដីសរុបជាង ៥ពាន់ហិកតាហើយ ហើយប្រភេទឈើដែលបានដាំនោះមានដូចជា ដើមប្រេង​ខ្យល់ ម៉ៃសាក់ និងគ្រញូងមួយចំនួន។

 

ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ពោលគឺនៅជិតទីតាំងក្រុមហ៊ុនដាំឈើ ដែលជាតំបន់ដាច់ស្រយាលមួយ បានរស់ពឹងលើរបរកាប់ឈើ រកត្រី និងធ្វើស្រែជាដើម ដើម្បីទ្រទ្រង់ជីវភាព។ របរទាំងនេះ មិនអាចឱ្យពួកគេរកចំណូលបានទៀងទាត់នោះឡើយ។ នៅពេលក្រុមហ៊ុន ស៊ីង បាយ អូថេក ចូលទៅដាំដុះឈើ បានផ្តល់ការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ ហើយក៏បានធ្វើឱ្យជីវភាពរបស់ពួកគេបានប្រសើរផងដែរ។

អ្នកស្រី ហួន ធីតា រស់នៅក្នុងភូមិបឹងចារ ឃុំអាចើន ស្រុកសំបូរ ខេត្តក្រចេះដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ស៊ីងបាយអូថេក បានបញ្ជាក់ថា អ្នកស្រីបានធ្វើការនៅក្នុងក្រុមហ៊ុននេះជាយូរឆ្នាំមកហើយពោលគឺចាប់ពីម្ចាស់ក្រុមហ៊ុនពីមុនមក ហើយបច្ចុប្បន្ននេះ គាត់ធ្វើការនៅក្នុងផ្នែកច្រកកូនឈើចូលថង់ ដោយក្នុង១ថ្ងៃអាចរកចំណូលបានចន្លោះពី៤ទៅ ៥ម៉ឺនរៀល។

គួរបញ្ជាក់ថា ការវិនិយោគដាំដុះឈើរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែការវិនិយោគនេះ បានជួយឱ្យប្រជាពលរដ្ឋទាំងនៅតំបន់វិនិយោគដាំដុះឈើក្នុងខេត្តក្រចេះ និងប្រជាពលរដ្ឋនៅទីតាំងរោងចក្រកែច្នៃក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល ទទួលបានការងារ និងរកបានកម្រៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ៕