បន្ទាយមានជ័យ៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងមេបញ្ជាការរងយោធភូមិភាគ៥ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យរថយន្តដឹកទំនិញមកពីប្រទេសថៃនៅពេលយប់ ដែលចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមតំបន់ផ្សេងៗទៀតនៅតាមបន្ទាត់ព្រំដែន ក្រោយពីទទួលសារណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ នៅយប់ថ្ងៃទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជាការណែនាំពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ត្រូវតែបន្តពង្រឹងចុះពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានសហកាជាមួយ កងកម្លាំងយោធា កងកម្លាំងអាវុធហត្ថ កម្លាំងនគរបាល ដែលបានធ្វើទៅតាមកិច្ចព្រមព្រៀងគ្នានាពេលកន្លងមក ដោយធ្វើការត្រួតពិនិត្យកំដៅលើតៃកុងរថយន្ត និងធ្វើការពិនិត្យលើទ្រុងរថយន្ត ដែលបានដាក់ទំនិញ ដើម្បីការពារក្រែងមានការលួចបង្កប់ពលករឆ្លងដែនខុសច្បាប់។
ទន្ទឹមនឹងនោះលោកក៏បានធ្វើការណែនាំដល់កម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវពង្រឹងការត្រួតពិនិត្យ និងចេញល្បាតតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ឱ្យខាងតែបាន។
សូមបញ្ជាក់ថា ក្រោយសារណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន អាជ្ញាធរខេត្តបន្ទាយមានជ័យបានដាក់ពង្រាយកម្លាំងទាំងបីចំនួន ១៥០០នាក់ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ពលករចំណាក់ស្រុក និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩៕ ដោយ៖ឃិន គន្ធា