ស្បៀងអាហារសម្ភារៈសម្រាប់ជនពិការ និងថវិកាត្រូវបាន ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសម្រាប់ការងារមនុស្សធម៌

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានអំណោយឧបត្ថម្ភពី ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី សម្រាប់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងកិច្ចការងារមនុស្សធម៌ជួយដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធទី ១៧ ខែកុម្ភះ ឆ្នាំ ២០២១ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានឲ្យដឹងថា ក្រោយពីបានមើលឃើញ ពីសកម្មភាពការងារ ដ៍មមាញឹក របស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់តាំងក្រុមជំនួយការដឹកជញ្ជូនស្បៀងអាហារសម្ភារៈប្រើប្រាស់សម្រាប់ជនពិការ និងថវិកាយកមកប្រគល់ជូនដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយដោះស្រាយការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋបន្តទៀត។
ចំណែកជំនួយដែលទទួលបានមាន អង្ករចំនួន 5 តោន មីជាតិចំនួន ២០០ កេស រទេះរុញថ្មីសម្រាប់ជនពិការចំនួន ១០ គ្រឿង ឈើច្រត់អ៊ីណុកសម្រាប់ជនពិការចំនួន 20 គូ និងថវិកាមួយចំនួន សម្រាប់រៀបចំកែលំអសោភ័ណភាពផ្នូរសពកម្មាភិបាលយុទ្ធជនដែលបានពលីជីវិតក្នុងសម័យសង្រ្គាមដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា និងផ្នូរសពអតីតយុទ្ធជន នៅវិមានរំលឹកគុណអតីតយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជាជ្រៃជាទីបំផុតចំពោះឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកជំទាវពេជ្រច័ន្ទមុន្នី បាទបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈសម្រាប់ជនពិការ និងថវិកា និងបានប្ដេជ្ញាចិត្តបន្តនាំយកនូវអំណោយស្បៀងអាហារ សម្ភារៈប្រើប្រាស់សម្រាប់ជនពិការ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រឲ្យដល់មូលដ្ឋានមួយៗដែលបងប្អូនកំពុងជួបការលំបាកខ្វះខាតពិតប្រាកដ នឹងខិតខំកែលម្អរៀបចំផ្នូរសពអតីតយុទ្ធជនពលីឲ្យមានសោភ័ណភាពបន្ថែមទៀតដើម្បីជាទីតាំងប្រវត្តិសាស្ត្រយោធាទៅថ្ងៃអនាគត ។
ឧត្តមសេនីយ៍ទោសោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ ព្រមយ៉ាងបទត្រាបទត្រី សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាងឃ្លាតឡើយដោយ ប៊ុន រដ្ឋា