រតនគិរី : នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំអគារA សាលាខេត្តរតនគិរីមានរៀបចំបើកវគ្គបណ្ដុះបណ្តាលស្តីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។ វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តមថង សាវុន អភិបាលខេត្ត និងលោកជំទាវ ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាឱកាសនេះឯកឧត្តម គិត ទ្រី បានចាត់ទុក វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ពិតជាមានសារៈ
សំខាន់ខ្លាំងណាស់ ដើម្បីឲ្យតំណាងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល និងភាគីអ្នកពាក់ព័ន្ធនានា ចេះធ្វើការវិភាគទៅលើឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច និងពិន្ទុវិស័យ ការជ្រើសរើសគម្រោងអាទិភាព ការកំណត់គម្រោងសេវាសង្គមជាដើម ដែលជាធាតុចូលសម្រាប់ការ រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខ្លួន ។
ឯកឧត្តមអភិបាលរងខេត្ត បានស្នើឲ្យភាគីអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យទៅលើសូចនាករនានាដែលមានបញ្ហាប្រឈមខ្ពស់ ត្រូវយកមកដោះស្រាយជាបន្ទាន់តាមលំដាប់លំដោយ ដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខ្លួន នឹងត្រូវធ្វើបច្ចុប្បន្នភាពគម្រោងជារៀងរាល់ឆ្នាំ នៅ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលតាមឆ្នាំជាបន្តបន្ទាប់ ។ ជាពិសេសមន្ទីរជំនាញ ជុំវិញខេត្ត ទីចាត់
ការ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុក មន្ត្រីផែន
ការគាំទ្រឃុំ សង្កាត់ តំណាងអង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នឹងទទួលបាននូវផ្នែកបច្ចេកទេស និតិវិធី វិធីសាស្រ្ត និងចំណេះដឹងបន្ថែមទៀត ក្នុងការរៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់៕ដោយ គតិ យុត្ត






































