បន្ទាយមានជ័យ៖ ឱកាសចុះពិនិត្យមើលកងកម្លាំងចម្រុះដែលកំពុងឈរជើងប្រចាំការ នៅគោលដៅនានាតាមបណ្តោយ ព្រំដែនកម្ពុជា- ថៃ នៅភូមិសាស្ត្រខេត្ត នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១នេះ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានជំរុញសមត្ថកិច្ច ចម្រុះត្រូវបន្តពង្រឹងវិធានការឱ្យបានតឹងរ៉ឹងចំពោះពលករចំណាកស្រុក ដើម្បីទប់ស្កាត់ការ ចម្លងរីករាលដាលនៃជំងឺកូវីដ១៩ពីក្រៅប្រទេស ខណៈដែលប្រទេសថៃកំពុងតែផ្ទុះការចម្លងជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍នោះ។
ឯកឧត្តម អ៊ុំ រាត្រី គូសបញ្ជាក់ថា ការពង្រឹងសមត្ថកិច្ចតាមព្រំដែនគឺជាការអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។
ឯកឧត្តមក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារតាម បន្ទាត់ព្រំដែនតាមគោលដៅទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរតាមគោលដៅដែលខ្លួនទទួលខុសត្រូវ។
ត្រូវយកចិត្តទុកដាក់ ជួយដល់ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ដោយត្រូវសហការឱ្យបានល្អជា មួយមន្ត្រីសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុននឹងដឹកជញ្ជូន ទៅកាន់ ស្រុកកំណើតវិញ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
អភិបាលខេត្តបន្ទាយមានជ័យបានបន្ថែមទៀតថា អ្វីដែលសំខាន់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនការទប់ស្កាត់ឱ្យបាន និងជួយផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋកុំឱ្យពួកគាត់ លួចឆ្លង ដែនចេញចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់តាមការបោកពីមេខ្យល់វា គ្រោះថ្នាក់ណាស់ ហើយបើសមត្ថកិច្ចឃាត់ខ្លួនបាន នោះក៏តម្រូវឱ្យធ្វើតេស្ត ធ្វើចត្តាឡីស័ក ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងក្រៅប្រទេស សូមចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលដែលបានចាក់ផ្សាយរាល់ថ្ងៃពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមថែរក្សាអនាម័យបរិស្ថានថែរក្សាសុខភាពដោយខ្លួនឯង បើមាន បញ្ហាសុខភាពខុសពីប្រក្រតីសូមប្រញាប់ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ជាបន្ទាន់៕ដោយ៖ឃិន គន្ធា




































