សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ប្រារព្ធធ្វើទិវាសុខភាពមាតាទារក និងកុមារ ២១កុម្ភៈ នៅមណ្ឌលសុខភាពព្រៃគ្រី

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2021 នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង  បានរៀបចំប្រារព្ធធ្វើទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នៅមណ្ឌលសុខភាពព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត កំពង់ឆ្នាំង។នៅក្នុងឱកាសនោះផងដែរឯកឧត្តម អម សុភា  ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារកនិងកុមារ នេះធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ ដើម្បីគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គ ការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ។ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ កាត់បន្ថយអត្រាការស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ តាមការកំណត់នូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ឯកឧត្តម បានគូសបញ្ចាក់អោយដឹងទៀតថា ក្នុងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យទទួលបាននូវការឧបត្ថម្ភជីវភាពរស់នៅក្នុងកាលៈទេសៈដែលមានការយាយីរាតត្បាតដោយកូវីដ ១៩។  ហើយគោលនយោបាយគាំពារសង្គម ក៍បានពង្រឹងនិងបន្តជួយដល់ស្រ្តី ជាកម្មការនី ឲ្យទទួលបានអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព និងតាមរយៈការឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និង កូនអាយុក្រោម២ឆ្នាំ នៃគ្រួសារដែលមានប័ណ្ណសមធម៌។ ឯកឧត្តម បានអោយដឹងទៀតថា តាមការអំពាវនាវរបស់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមឲ្យមាតាៗគ្រប់រូបសំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ ឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន។ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យ ។ សូមស្រ្តីមានផ្ទៃពោះ ស្រ្តីជាមាតាទាំងអស់ត្រូវ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការពារខ្លួន ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ។ ដូចជាពាក់ម៉ាស់ លាងដៃ  គំលាតសុវត្ថិភាព និងរស់នៅតាមរបៀបគន្លងថ្មីតាមការណែនាំរបស់ក្រសួងសុខាភិបាល។ដើម្បីចូលរួមអបអរសាទ ទិវាសុខភាពមាតាទារកនិងកុមារ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចែកអំណោយដល់ស្រ្តីមានផ្ទៃពោះ និង ស្រ្តីទើបសម្រាលកូន ចំនួន៥៨នាក់ ដោយក្នុងម្នាក់ៗទទួល បានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត ឈុតអាវកូនក្មេង ស្រោមដៃ ស្រោមជើង មួក សាប៊ូនិង កន្សែងពោះគោ ព្រមទាំង ថវិកាចំនួន២ម៉ឺនរៀលផងដែរ ៕សុខ គឹមសៀន