ភ្នំពេញ ៖ បន្ទាប់ពីសារភាពប្រាប់ប្តីចាញ់ល្បែងអស់ប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ រួចមក ត្រូវប្តីបណ្តេញចេញពីផ្ទះ គ្មានទីពឹង ស្នាក់អាស្រ័យ នារីកម្សត់ម្នាក់មានផ្ទៃពោះ៥សប្ដាហ៍ទៀតនោះ បានសម្រេចចិត្តធ្វេីអត្តឃាតលោតទឹក រហូត២ដង តែមិនស្លាប់ដោយសារតែប៉ូលិស និងសន្តិសុខ ជួយរារាំងទាន់ពេលទាំង២ករណី ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ករណីលេីកទី១ នាងមកលោតទឹកសម្លាប់ខ្លួននៅចំណុចនៅស្ពានជ្រោយចង្វារ វេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ហេីយត្រូវបានប៉ូលិសរារាំងទាន់ពេល ឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍នគរបាល អប់រំ និងលួងលោម អោយត្រឡប់ទៅផ្ទះវិញ។ ករណីលេីកទី២ ក្រោយមកនាងមិនសុខចិត្ត ស្រាប់តែទៅលោតទឹកជាថ្មីម្តងទៀត នៅមុខព្រះបរមរាជវាំង តែត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ ជួយសង្គ្រោះទាន់ពេលវេលាកាលពីវេលាម៉ោង១២ និង ១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
នាងប្រាប់សមត្ថកិច្ចថា ឈ្មោះ ចែត រិទ្ធី អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ នាងថាកំពុងពរពោះកូន៥សបា្តហ៍ ឯស្រុកកំណើតនៅស្រុកលើកដែក ខេត្តសៀមរាប ។
នាងបានរៀបរាប់លម្អិតប្រាប់សមត្ថកិច្ចថា, មូលហេតុដែលនាងគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន គឺដោយសារនាងជ្រុលខ្លួនលេងល្បែងចាញ់ប្រាក់អស់២ម៉ឺនដុល្លារ នៅកាស៊ីណូ ហើយបានសារភាពប្រាប់ប្តី ក៏បង្កជាជម្លោះគ្រួសារ ឈ្លោះប្រកែកគ្នាពេញផ្ទះតែម្តង ។ លេីសពីនេះ នាងត្រូវប្តីបោះបង់និងមិនទទួលស្គាល់កូនក្នុងផ្ទៃ ឯគ្រួសារខាងប្តី ក៏មិនទទួលស្គាល់ទៀត ហើយរូបនាងផ្ទាល់ ក៏មិនហ៊ានត្រឡប់ទៅរកសាច់ ខ្មាស់គេ ។
អស់លទ្ធភាពគ្មានទីពឹង គិតអ្វីមិនចេញ ព្រោះតែកំហុសខ្លួនប្រព្រឹត្តខុស ទើបគិតខ្លី ចង់គេចពីបញ្ហាស្មុគស្មាញទាំងនោះ ក៏សម្រេចចិត្តជ្រេីសរេីសចង់បញ្ចប់ជីវិតដោយលោតទឹក ។
មិនគួរសោះជម្រើសទាំង២ខាងលើ គឺលេងល្បែងនិងលោតទឹកសម្លាប់ខ្លួន ! បើជីវិតយើងនៅមាន ក្តីសង្ឃឹមនៅតែមាន និងបោះបង់រឿងអបាយមុខនោះចោល សាងនូវសេចក្តីល្អ ជីវិតមានសុភមង្គលឡើងវិញ៕




































