ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពីមូលហេតុ និងខ្លឹមសារនៃមាត្រាទាំង១៤ ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយអង្គការសង្គមស៊ីវិល

ទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានបន្តដឹកនាំកិច្ចប្រជុំជាមួយសមាជិកសមាជិកក្រុមការងាររបស់រាជរដ្ឋាភិបាល ចំនួនប្រមាណជាង២០រូប ដែលជាតំណាងក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីបន្តពិនិត្យពិភាក្សាអំពីមូលហេតុ និងខ្លឹមសារនៃមាត្រាទាំង១៤ ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយអង្គការសង្គមស៊ីវិល។

កិច្ចប្រជុំនេះ បានធ្វើការពិនិត្យពិភាក្សាដោយផ្តោតសំខាន់លើខ្លឹមសារដែលស្នើសុំធ្វើវិសោធនកម្ម ផ្អែកលើមូលដ្ឋានច្បាប់ជាតិ លិខិតុបករណ៍អន្តរជាតិ និងបទពិសោធន៍ពីបណ្តាប្រទេសនានា ព្រមទាំងការអនុវត្តជាក់ស្តែងជាពេលកន្លងមក ដើម្បីធានាឲ្យមានសង្គតភាពក្នុងការអនុវត្តច្បាប់នេះឲ្យស្របតាមការវិវត្តរបស់សង្គមកម្ពុជា ជាពិសេសក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ៕ដោយ -រ៉ាវុធ