សៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) ក្នុងគោលបំណងដើម្បីសម្អាតអនាម័យបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ទីតាំងនេះមានទំហំដីជាង៤ហិកតា ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង២៨៦នាក់ មកពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត។
លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពូជា បានបង្ហាញថា នៅពាក់កណ្តាលខែមេសាឆ្នាំ១៩៩៩ ឯកឧត្តមសាស្រ្តាចារ្យ ប៊ី សាមឺឌី ព្រឹទ្ធាចារ្យកាកបាទក្រហមកម្ពុជា (មរណភាពថ្ងៃទី០១ ខែសីហាឆ្នាំ២០១២ ) បានអញ្ជើញមកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយបានផ្តល់យោបល់ឱ្យ សាខាគិតគូរអំពីការទុកស្នាដៃកាកបាទក្រហមកម្ពុជា សម្រាប់ជាកេរ្តិ៍ដំណែលបន្តដល់កូនចៅជំនាន់ក្រោយ ក្រោយពីបានពិភាក្សាពីគ្រោះយោបល់រួចមក ឯកឧត្តមសាស្រ្តាចារ្យ បានសម្រេចចិត្ត ថានឹងរៀបចំឧទ្យានដាំកូនឈើមួយកន្លែងនៅតាមផ្លូវទៅអង្គរវត្ត។ បន្ទាប់មកឯកឧត្តមបានលើកសំណើនេះជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនជ្រាប និងសូមអនុសាសន៍ណែនាំពីការងារនេះ។
លោក បញ្ជាក់ថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានការជួយគាំទ្រពីសម្តេចជហ្វាវាំង គង់ សំអុល អនុប្រធាន ព្រមទាំងការសម្របសម្រួលពីអាជ្ញាធរខេត្ត នៃអាជ្ញាធរជាតិអប្សរាផងនោះ ទីតាំងឧទ្យានដាំកូនឈើ ត្រូវបានកំណត់យកដីមួយកន្លែងតាមផ្លូវទៅប្រាសាទអង្គរវត្ត(នៅខាងត្បូង ចំហៀង ខាងកើតថ្នល់គឺខាងស្តាំដៃពីក្រុងសៀមរាប)។ ទីតាំងនេះមានទំហំដីជាង៤ហិកតា ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ជំហានដំបូងក្រុមដោះមីនកូហ្វាស់របស់បារាំង បានជួយសម្រួលស្រាវជ្រាវរុករកកាកសំណល់ជាតិផ្ទុះ លើផ្ទៃដីដែលបានគ្រោងទុកនេះ។ បន្ទាប់មកក្រុមគ្រឿងចាក់ឈូសឆាយ របស់ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឈូស ឆាយបន្តជម្រះគុម្ពោតធំៗ មួយចំនួន ដោយបានរៀបចំជា៤ការ៉េៗ មានការធ្វើផ្លូវការពារភ្លើង ព័ទ្ធជុំវិញនិងពុះខ្នែង ជាសញ្ញាកាកបាទក្រហមចំកណ្តាលផងដែរ។
ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៏ថា ជារៀងរាល់ឆ្នាំកន្លងមក គឺចាប់តាំងពីឆ្នាំ២០១១មក ដល់ថ្ងៃទី១៨កុម្ភះ កំណើតកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប តែងបានរៀបចំពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានេះ ដោយមានការចូល រួមពីថ្នាក់ដឹកនាំគណៈកម្មាធិការសាខា គណ:កិត្តិយសសាខា ស្ថាប័នពាក់ព័ន្ធ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ដោយស្មារតីដោយក្តីសោមនស្សរីករាយ និងចូលរួមបន្តថែរក្សាសមិទ្ធផលមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ ឱ្យបានគង់វង្សជារៀងរហូត។ ឯកឧត្តម បានលើកឡើងទៀតថា ចំពោះសកម្មភាពទាំងនេះ គឺកើតចេញពីការរួបរួមសាមគ្គីគ្នា ដើម្បីសម្អាតបរិស្ថានអនាម័យ នឹងរួមគ្នាថែទាំកូនឈើក្នុងឧទ្យាននេះ កន្លងមកដោយមានជួសកូនឈើដែលស្វិតស្រពោន ពេលនោះអស់ប្រមាណជាង ២០០ដើម ជម្រះស្មៅ ស្រោចទឹក ដាក់ជីរ បាញ់ថ្នាំសម្លាប់ដង្កូវស៊ីស្លឹកឈើជម្រះផ្លូវភ្លើង និងជាបន្តបន្ទាប់បានដាំកូនឈើបន្ថែមទៀមចំនួន៤៦០ដើម ដែលមកទល់ពេលនេះឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា មានដើមឈើសរុបចំនួន២៤៦០ដើម។