រដ្ឋបាលខេត្តកណ្តាល រៀបចំពីធីប្រកាសបើកឱ្យដំណើរការជាផ្លូវការកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្ម អេកូឡូស៊ីនៅកម្ពុជា ហៅកាត់វ៉តហ្វ័រខេម ជំហាន១

ខេត្តកណ្តាល៖ ពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការនូវការអនុវត្តកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា ជំហាន១ ហៅកាត់ថា វ៉តហ្វ័រខេម (WAT4CAM) ត្រូវបានក្រសួុងកសិកម្មផ្តល់លទ្ធភាពអោយខេត្តកណ្តាល ធ្វើការប្រកាសបើកវគ្គអោយដំណើរការជាផ្លូវការ ក្នុងគោលបំណងផ្សាភ្ជាប់ជាមួុយអ្នកពាក់ព័ន្ធដើម្បីបញ្ជ្រាបពីគោលបំណង និងទំហំការងាររបស់ក្រុមការងារជំនួយបច្ចេកទេសកសិកម្ម (TA-AGRI) របស់កម្មវិធី ព្រមទាំងទទួលបាននូវគំនិតយោបល់ និងធាតុចូលរបស់អ្នកពាក់ព័ន្ធទាំងនោះ ដើម្បីកែលម្អផែនការសកម្មភាព និងការអនុវត្តកម្មវិធី។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បញ្ជាក់ដូច្នេះក្នុងឱកាសបើកវគ្គជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែ កុម្ភះ ឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលគរុកោសលក្យភូមិភាគខេត្តកណ្តាល។ ឯកឧត្តមបន្តថា គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់ដោយតម្រង់ទិសឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា កម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ី នៅកម្ពុជា មានសមាសភាគ ៤ធំៗ ក្នុងនោះមាន៣សមាសភាគ គឺដឹកនាំអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។ និងកសាងហេដ្ឋារចនាសម្ពន្ធធារាសាស្ត្រ ឆ្លើយ តបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងគាំទ្រយុទ្ធសាស្រ្តរបស់ក្រសួងធនធានទឹក និងឧតុនិយម តាមរយះកសាងសមត្ថភាក្នុងការគ្រប់គ្រងធនធានទឹក គ្រប់គ្រងប្រព័ន្ធស្រោចស្រព និងការគ្រប់គ្រងធនធានទឹកចម្រុះ។

ឯកឧត្តមបន្តថា ត្រូវរៀបចំចងក្រង និងប្រមូលទិន្នន័យប្រព័ន្ធធារាសាស្រ្ត រៀបចំសិក្សារបបជលសាស្រ្តសិក្សាលេីប្រភពទឹកទន្លេមេគង្គលេី ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ជាពិសេសសិក្សាផែនការមេលេីព្រែកទាំងអស់ និងប្រមូលទិន្នន័យ ដើម្បីសិក្សារបបជលសាស្រ្ត និងលំហូរដីល្បាប់ ដោយប្រេីប្រាស់ប្រព័ន្ធស្រោចស្រពលក្ខណៈទំនេីប និងការដាំដុះដំណាំមានលក្ខណៈបច្ចេកទេសទំនេីបកម្មកសិកម្មផងដែរ ៕