បុរសម្នាក់ធ្វើអត្តឃាតខ្លួនឯង ក្នុងផ្ទះសំណាក់មួយកន្លែងនៅខេត្តស្ទឹងត្រែង ក្រោយមានដីការតាមចាប់ខ្លនពីខេត្តរតនៈគិរី

ខេត្តស្ទឹងត្រែង÷បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅក្នុងផ្ទះសំណាក់មួយកន្លែង យីហោឡាក់គីស្តារ នៅកណ្តាលក្រុងស្ទឹងត្រែង ដោយយកខ្សែមកចង កទៅនិងជំរឹងទ្វារបង្អួចក្នុងបន្ទប់ផ្ទះសំណាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ក្នុងថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២១ នេះ ។យោងតាមឯកសារសមត្ថកិច្ចពីខេត្តរតនៈគិរី បានបង្ហាញឲ្យដឹងថាៈជនរងគ្រោះ ដែលបានធ្វើអត្តឃាតខ្លួនឯងខាងលើនេះ មានឈ្មោះ មៀង សឹម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានស្រុកកំណើតនៅភូមិ លុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនៈគិរី ។ ឳពុកឈ្មោះ រីវ មៀង និងម្តាយឈ្មោះ សួង អាំ និងមានប្រពន្ធឈ្មោះ កា មានកូនពីរនាក់រស់នៅក្នុងបន្ទុក ។ បើតាមឯកសាររបស់សមត្ថកិច្ចដដែល ក៏បានឲ្យដឹងដែរថាៈជនរងគ្រោះ បានរត់គេចខ្លួនពីខេត្តរតនៈគិរី ខណៈដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនដោយមានដីការបង្គាប់ចេញពីលោក សួស ឡា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តរតនៈគិរី ។ ហើយជនរងគ្រោះ ត្រូវបានតុលាការដាក់ឲ្យនៅល្រោមការត្រួតពិនិត្យ ពីបទឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្តនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនៈគិរី កាលពីថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៤ ។ បទល្មើសដែលមានចែង តាមបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសឧក្រិដ្ឋ ដែលត្រូវដាក់ពន្ធនាគា ពី១០ ទៅ១៥ឆ្នាំ ។

គួររំលឹកថាៈជនសង្ស័យ ដែលជាជនរងគ្រោះ ក្រោយប្រព្រឹត្តបទល្មើសឧក្រិដ្ឋ នៅខេត្តរតនៈគិរី ក៏ត្រូវបានរត់គេចខ្លួន រហូតមកដល់ពេលនេះ ទើបសមត្ថកិច្ចរកឃើញ ក្រោយពេលជនសង្ស័យ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងផ្ទះសំណាក់ឡាក់គីស្តារ ស្ថិតនៅក្នុងភូមិត្រពាំងព្រីងសង្កាត់/ក្រុងស្ទឹងត្រែង ជិតរង្វង់មូលថ្មីកណ្តាលក្រុងបាត់ទៅហើយ ។

សូមបញ្ជាក់ថាៈនៅថ្ងៃកើតហេតុដដែល នៅវេលាម៉ោង៦ល្ងាច ម្ចាស់ផ្ទះសំណាក់ឡាក់គីស្តារ ក៏បាននិមន្តព្រះសង្ឃ មកធ្វើកិច្ចបញ្ជៀសគ្រោះ ដើម្បីយកសពចេញពីផ្ទះសំណាក់ ដើម្បីប្រគល់ជូន គ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕