ឆេះស្ថានីយ៍​ប្រេងឥន្ធនៈ​១កន្លែង​ នៅ​ក្រុង​សួង​​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​២គ្រឿង​ ម៉ូតូ​៣គ្រឿង​ និង​ទ្រព្យសម្បត្តិ​ជាច្រើន​

ត្បូងឃ្មុំ​:​ ស្ថានីយ៍​ប្រេងឥន្ធនៈមួយកន្លែងយីហ៊ោ ដេប៉ូតេលាក្រុងសួង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ កាលពី​វេលាម៉ោងប្រមាណ ៧:៣៥នាទីព្រឹក ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិតនៅ​ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

អធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា​ ម្ចាស់​ការ៉ាស់សាំងដែលអគ្គិភ័យឆាបឆេះខាងលើនេះមានឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី។ ចំពោះមូលហេតុនៃការឆាបឆេះនេះឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។

ក្រោយទទួលដំណឹងភ្លាម លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន  ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ មនៅវេលាម៉ោងប្រហែល ៩ និង៣០នាទី ព្រឹកថ្ងៃដដែលនោះ​។ 

ចំពោះប្រតិបត្តិការនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ០២គ្រឿង  រួមទាំងអធិការដ្ឋានក្រុង-ស្រុក និងរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន០២គ្រឿង សរុបប្រើប្រាស់ឡានទឹកអស់ចំនួន២៥ឡាន ទើប​រលត់ទាំងស្រុង។ 

ក្នុងឳកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន៣០០ដុល្លា ដល់កងកម្លាំងដែលបានសហការពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស រឺឆេះរាល់ដាលនោះនោះឡើយ។

បើតាមសមត្ថកិច្ច ឲ្យដឹងថា ទំហំនៃការខូចខាតនៃអគ្គិភ័យនោះ បណ្តាលឲ្យឆាបឆេះការ៉ាស់ទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត២គ្រឿង ម៉ាកLexus ៣៣០ ១គ្រឿង ២តោនកន្លះ១គ្រឿង ប្រេងម៉ាសុីន២០កេស ម៉ូតូ៣គ្រឿង រុឺម៉កមូតូ១គ្រឿង រួមទាំងថវិការ និងសម្ភារៈមួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ៕