លោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ ចុះសាកសួរសុខទុក្ខ និងនាំយកសម្ភារៈសិក្សាចែកជូនដល់ក្មួយៗ សិស្សានុសិស្ស ដែលសិក្សានៅសាលាបឋមសិក្សាថ្លុកព្រីងចំនួន៧0នាក់ និងថវិកាមួយចំនួន ឃុំងន ស្រុកសណ្ដាន់

កំពង់ធំ៖ នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២១នេះ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ភរិយាអភិបាលខេត្តកំពង់ធំ និងសហការី រួមទាំងសប្បុរសជន បានចុះសាកសួរសុខទុក្ខ និងនាំយកសម្ភារៈសិក្សាចែកជូនដល់ក្មួយៗ សិស្សានុសិស្ស ដែលសិក្សានៅសាលាបឋមសិក្សាថ្លុកព្រីងចំនួន៧០នាក់ ព្រមទាំងថវិកាមួយចំនួន ដែលស្ថិតនៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើពីសំណាក់ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ជាពិសេសសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់សិស្សនុសិស្សា បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ។លោកជំទាវ បានបន្ដថា ទោះបីធ្វើដំណើរឆ្ងាយបន្តិចក្តីតែសប្បាយចិត្តនិងចែករំលែកការស្រលាញ់ចំពោះក្មួយៗ សិស្សានុសិស្ស ចេញអស់ពីបេះដូង។

ក្នុងនោះសិស្សនុសិស្សាកុមារីកុមារក្នុងសាលាបឋមនោះ សម្តែងនូវការរីករាយសាទរ និងអរគុណចំពោះលោកជំទាវ និងថ្នាក់ដឹកនាំខេត្ត ដែលបានជួយឧត្ថម្ភនូវសម្ភារៈទាំងនេះដល់ពួកគាត់ ព្រមទាំងសន្យាខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយក្រមសីលធម៌ ដើម្បីក្លាយជាសិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើននាពេលអនាគតបន្តទៀត

សូមបញ្ជាក់ថា៖ សម្ភារៈសិក្សាទាំងអស់រួមមាន៖ កាតាប ប៊ិចខៀវ ប៊ិចក្រហម ខ្មៅដៃ ជ័រលុប បន្ទាត់ កាបូបដាក់ប៊ិច សៀវភៅ គ្របសៀវភៅក្រដាសស កាវទឹក ព្រមទាំងបានឧបត្ថម្ភជូនលោកគ្រូក្នុងមួយសាលានូវ ជែលលាងដៃ ម៉ាស់ និងថវិកាមួយចំនួនផងដែរ៕