សៀមរាប= ដីឡូត៏មួយកន្លែងនៅជាប់និងអូរបង្ហូរទឹកដែលជាចំនុចព្រំប្រទល់រវាង ភូមិបឹងនិងភូមិស្ពានជ្រាវ ត្រូវបានឈ្មួញចាក់ដីរំលោភយកដីចំណីផ្លូវនិងដីចំណីអូរបង្ហូរទឹកយ៉ាងរំភើយដោយមិនរំខាន់ដល់ មេភូមិបឹង ចៅសង្កាត់ជ្រាវ និងចៅសង្កាត់សៀមរាប ក្រុងសៀមរាបនោះឡើយ។ ទោះបីរអ្នកសារព័ត៏មាន ខំទំនាក់ទំនងតាមទូស័ព្ទអោយលោកទាំង៣ចុះមកពិនិត្យមើលទង្វើរបស់ឈ្មួញល្មើសច្បាប់ទាំងនេះក៏ដោយ និងដើម្បីធ្វើការណែនាំ តែផ្ទុយទៅវិញឈ្មួញបានចាក់ដីរំលោភយកចំណីផ្លូវ និងអូរបង្ហូរទឹកបានសំរេច ដោយមិនឃើញ មេភូមិបឹង ចៅសង្កាត់ជ្រាវនិងចៅសង្កាត់សៀមរាប ចុះពិនិត្យមើលនោះឡើយ ។
លោក ចៅសង្កាត់សៀមរាប បានឆ្លើយតបតាមទូស័ព្ទថា លោកបាន អោយមន្រ្ដីរបស់លោក ចុះមកមើលហើយតែមិនឃើញ ! ចង់សួរថាតើមន្រ្ដីរបស់លោកចៅសង្កាត់សៀមរាបមកមើលខុសកន្លែងឬមកមើលឃើញហើយធ្វើមិនឃើញ?បានជាទុកអោយឈ្មួញចាក់ដីបានសំរេចបែបនេះ?។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវបានឆ្លើយតបតាមទូស័ព្ទថា លោកមិនថាចុះទៅមើលទេកំពុងរវល់ដោយសារជាប់ប្រជុំនិងលោកចៅសង្កាត់រងមានជំងឺ តែលោកបានប្រាប់ទៅមេភូមិបឹងរួចហើយថាមិនអនុញាតិអោយឈ្មួញចាក់ដីលុបប្រឡាយទឹកនិងលុបលើអ័ក្សផ្លូវនោះឡើយ ! ហើយលោកបានពិភាក្សា ជាមួយលោកចៅសង្កាត់សៀមរាបថា ទោះពីដើមមិនមានអូរប្រឡាយក៏ដោយ តែបច្ចុប្បន្ននេះ វាមានហើយចឹងត្រូវតែទុកអូរប្រឡាយនេះដើម្បីបញ្ចៀសទឹកហូរជន់លិច ព្រោះនៅចំនុចនេះអាច ជីកប្រឡាយបង្ហូរទឹកអោយហូរចុះក្រោមបាន។
ពលរដ្នសំលឹងមើលឃើញទង្វើល្មោភ លបលន់ របស់ឈ្មួញចង់ច្បាមយកដីចំណីផ្លូវ និងដីមាត់ហូរធ្វើជាកម្មសិទ្ធិ ដូច្នេះពលរដ្នបានសំណូមពរសុំអោយអាជ្ញាធរ មានវិធានការជាបន្ទាន់ និងត្រូវធ្វើការណែនាំតាមច្បាប់អោយបានត្រឹមត្រូវ កុំអោយប៉ះពាលប្រយោជន៍សារធារណះ និងប្រយ័ត្នខាតបង់ប្រយោជន៍ខ្លួនឯងនៅពេលក្រោយ ៕ប៊ុនរិទ្ធី