ត្បូងឃ្មុំ: ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ២០២១ ក្រោមប្រធានបទ «បន្តផ្តល់សេវាគាំពារមាតា និងទារកក្នុងអំឡុងពេលការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩» ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានអំពាវនាវដល់មាតា និងទារកទាំងអស់ ឲ្យពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង មុនពេលសម្រាល ក្រោយឆ្លងទន្លេរួច ត្រូវបំបៅកូនដោយទឹកដោះយ៉ាងតិចណាស់៦ខែ ព្រោះក្នុងទឹកដោះម្តាយសំបូរដោយជីវជាតិ មានអង់ទីគ័រការពារជំងឺខ្ពស់ប្រឆាំងការពារជំងឺផ្សេងៗ ជាពិសេសត្រូវនាំកូនតូចៗចាក់វ៉ាក់សាំង១១មុខ បង្ការជំងឺផ្សេងៗ ផងដែរ ។
បន្ទាប់ពីការអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនមាតាដែលចូលរួមនាឳកានោះ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាបានខិតខំប្រឹងប្រែងណាស់ ក្នុងការលើកកម្ពស់សុខភាពស្ត្រីក្នុងប្រទេសខ្មែរ ពិសេសមាតា និងទារក ដោយម្តាយដែលមានកូនអាយុ២ឆ្នាំចុះ ទទួលប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ថវិកាចំនួន៧៦មុឺនរៀល ក៏ដូចជាពីកាកបាទក្រហមកម្ពុជាផងដែរ ដោយឡែកកម្មការិនី ទទួលបានសេវាសុខភាពសង្គមដោយឥតគិតថ្លៃ តាមរយៈប័ណ្ណ ប.ស.ស ទាំងនេះជាឆន្ទៈដ៏មុះមុតដែលសម្តេចទាំងទ្វេខិតខំសម្រេចបាន។
ក្នុងបរិបទជំងឺកូវីដ១៩ ឯកឧត្តម បានអំពាវនាវដល់បងប្អូនទាំងនៅទីនេះ និងទូទាំងខេត្ត ត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តន៍តាមវិធានការ ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។
ក្នុងឳកាសនោះ គណៈអធិបតី និងឯកឧត្តមលោកជំទាវ គណៈកម្មធិការសាខាកាកបាទក្រហមខេត្ត កងកម្លាំង អាជ្ញាធរ និងលោកគ្រូអ្នកគ្រូពេទ្យ អញ្ជើញចែកអំណោយជូនមាតាដែលចូលរួម និងកំពុងសម្រាកនៅមន្ទីរពេទ្យនោះ ចំនួន២០៦នាក់ផងដែរ ៕