រថយន្ត និងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីស្រុកថៃត្រូវកំលាំងសម្ថកិច្ចចំរុះឃាត់

បន្ទាយមានជ័យ៖រថយន្តនិងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីថៃតាមច្រករបៀងត្រូវ លោក តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកំលាំងយោធាទំនាក់ទំនងព្រំដែនច្រកបឹងត្រកួន ស្រុកថ្មពួក បានចុះស្ទាក់ចាប់បាន។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ ករណីទី១នៅវេលាម៉ោង១និង ៣១នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១មានរថយន្តម៉ាកTOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2B-1715 លួចដឹកជ្រូករស់ចំនួន៨ក្បាលចេញពីប្រទេសថៃតាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ចំណែកករណីទី២នៅវេលាម៉ោង៣ និង៦នាទី ទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ ២០២១ឃាត់បានម៉ូតូសន្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាកHONDA WAVE ពណ៍ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន១១ក្បាល។ម៉ូតូខាងលើដឹកជ្រូករស់មកពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យយកមកចែកចាយនៅ ខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ក្រុមការងារបានឃាត់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

     វត្ថុតាងទាំង២មានរថយន្ត និងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ ក្បាលនោះត្រូវសមត្ថកិច្ចចំរុះយកមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ដោយ៖ឃិន គន្ធា