កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមឲ្យមកពិនិត្យថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា ចាប់ពីពេលពពោះ រហូតដល់ពេលសម្រាល និងកូនដល់អាយុ២ឆ្នាំ ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលេីកកម្ពស់សុខុមាលភាពនៅកម្ពុជា ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសប្រារព្ធទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។
បន្ទាប់ពីលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើជូន បងប្អូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៌ខ្ពង់ខ្ពស់ទាំងឡាយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយអោយស្រ្តីមានផ្ទៃពោះទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ២ឆ្នាំ ។ ប្រការដែលសំខាន់ គឺស្ត្រីជាមាតាទាំងអស់ ត្រូវដឹងអោយបានច្បាស់ពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូតលាស់របស់កូន ការពន្យារកំណើត ជួយអោយម្តាយមានសុខភាពរឹងមាំ ហើយកូនអាចទទួលបានការថែទាំពេញលេញពីម្តាយ និងមានសុខភាពល្អ ។
ក្នុងស្ថានភាពដែលប្រទេសយើង មានការរំខាន ពីមេរោគកូវីដ ១៩ នោះ, ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវ បន្ត«រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ សែន និងវិធានការើណែនាំនានា របស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ បានផ្តល់ជូនស្ត្រីចំនួន ១៥៨នាក់នោះ ម្នាក់ៗ ទទួលបាន ៖ មីជាតិ ១កេស, ឃីត ១កញ្ចប់, ស្ករស ១គ.ក. ទឹកដោះខាប់ ១កំប៉ុង, ម្សៅលាបខ្លួនទារក ១ដប, សាប៊ូដុសខ្លួនទារក ១ដប, ខោទឹកនោមទារក ១យួរ និងថវិកា ២០,០០០ រៀល ។
ជាមួយគ្នានេះដែរ ស្ត្រី ១នាក់ ដែលត្រូវឪពុកចុង ចាប់រំលោភមានផ្ទៃពោះ ត្រូវបានផ្តល់ជូនទឹកប្រាក់ចំនួន ២០០,០០០ រៀលផងដែរ ។
សូមជម្រាបផងដែរថា បន្ទាប់ពី ពិធីសំណេះសំណាល និងចែកអំណោយដល់ស្ត្រី នៅមន្ទីរសុខាភិបាលខេត្ត លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា និងក្រុមការងារ បានបន្តដំណើរ អញ្ជើញចុះសួរសុខទុក្ខ អ្នកជម្ងឺជាស្ត្រីទើបសម្រាលកូន កំពុងសម្រាកក្នុងមន្ទីរពេទ្យខេត្ត និងបានឧបត្ថម្ភថវិកាជូន ក្នុងម្នាក់ៗ ៥០,០០០រៀលផងដែរ ៕