កំពង់ចាម: លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ចាម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ ដល់បងប្អូនខ្មែរឥស្លាម ១គ្រួសារ ឈ្មោះ ម៉ាត់ សាឡេះ អាយុ៣៦ឆ្នាំ (ងងឹតភ្នែក )និងប្រពន្ធ ឈ្មោះ ចាហ្វា រ៉ាយះ អាយុ៣៥ឆ្នាំ មានកូន៤នាក់( កូនទី ៤ ស្លាប់)សល់៣នាក់ ក្នុងបន្ទុក រស់នៅក្នុងភូមិទួលពោធិ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលមានទុក្ខ ដោយសារកូនទី៥ ទើបនឹងកើត បានស្លាប់ទៅវិញ ក្រោយពេលសម្រាល បានត្រឹមតែ ៤ម៉ោង។
សូមបញ្ជាក់ថា គ្រួសារ ប្អូន ម៉ាត់ សាឡេះ នេះ មានជីវភាពក្រខ្សត់លំបាក រស់នៅជាមួយម្តាយជរា ហើយត្រូវទៅយាមចំការអោយបង នៅខេត្តកំពង់ធំ ដោយទុកកូនអោយម្តាយមើលថែ ។ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បាននាំប្រពន្ធដែលគ្រប់ខែមកផ្ទះម្តាយ ដើម្បីត្រៀមសម្រាល ស្រាប់តែនៅវេលាម៉ោង១០ព្រឹកក៏ឈឺពោះ ហើយសម្រាលតែម្តង ដោយឆ្មបបុរាណក្នុងភូមិ ជាអកុសល ក្រោយកើតបាន ៤ម៉ោង ទារកអភ័ព្វ ក៏បានបាត់បង់ជីវិតទៅវិញ។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានអំពាវនាវ ដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវថែទាំ និងពិនិត្យសុខភាព ផ្ទៃពោះ អោយទៀងទាត់ ហើយត្រូវសម្រាលនៅតាមមន្ទីរពេទ្យ រួមជាមួយ ការតាមដានការលូតលាស់របស់កូន អោយមានសុខភាពល្អ ។ ជាមួយនោះ ត្រូវការពារខ្លួន ជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈ វិធានការ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ ហ៊ុន សែន និងវិធានការអប់រំនានា របស់ក្រសួងសុខាភិបាល។
អំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ចូលរួមរំលែកទុក្ខគ្រួសារសពទារក មាន ៖ អង្ករ១០០គក្រ មីជាតិ៥កេស ទឹកក្រូច៥កេស ត្រីខ៥០កំប៉ុង និងថវិកាចំនួន៥០ម៉ឺនរៀលផងដែរ ៕