ភ្នំពេញ ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាជូនដល់កងកម្លាំងមានសមត្ថកិច្ច ដែលប្រចាំការនៅគោលដៅសុវត្ថិភាពចំនួន៨១គោលដៅ ទូទាំងរាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារសុវត្ថិភាពនៅតាមទីតាំងនីមួយៗ ក្នុងការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះគោលដៅសុវត្ថិភាពទាំង៨១ទីតាំងដែលកងកម្លាំងសមត្ថកិច្ច បាននិងកំពុងដាក់កម្លាំងពង្រាយ ដើម្បីការពារសុវត្ថិភាព ពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»នេះ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល។
គោលដៅធំចំនួន៥គោលដៅ ក្នុង១គោលដៅទទួលបានថវិកាចំនួន ២លានរៀល។ ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានទឹកប្រាក់ចំនួន ៣០លានរៀល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានថវិកាចំនួន២០លានរៀល។
ការផ្តល់ប្រាក់ឧបត្ថមពីឯកឧត្ដម ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ផងដែរ។
ការសម្រេចនូវការឧបត្ថម្ភថវិកាជូនដល់កងកម្លាំងមានសមត្ថកិច្ចដែលប្រចាំនៅគោលដៅសុវត្ថិភាពទាំង៨១កន្លែងរបស់អភិបាលរាជធានីភ្នំពេញនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដើម្បីបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»នេះឲ្យទទួលបានជោគជ័យ៕