ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រគេនបច្ច័យទេយ្យទាននិងភេសជ្ជៈព្រះតេជគុណព្រះទេពសត្ថាបារមីសៀង សុខ ព្រះមេគណខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងថ្នាក់ដឹកនាំ បានអញ្ជើញនាំយកបច្ច័យទេយ្យទាន និងភេសជ្ជៈ ដែលជាសទ្ធាជ្រះថ្លារបស់នាយទាហាននាយទាហានរងនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគេនព្រះទេពសត្ថាបារមី សៀង  សុខ  ព្រះរាជាគណៈថ្នាក់ចត្វា  ព្រះមេគណខេត្តកំពង់ធំ  ជាព្រះចៅអធិកា រវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ  ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា កងទ័ពគឺជាកូនចៅរបស់ប្រជាជន គោរពស្រលាញ់ប្រជាជន និងចូលរួមចំណែកជាមួយប្រជាជន ក្នុងការកសាងសមិទ្ធិផលផ្សេងៗ ដែលជាទីសក្ការៈរបស់ប្រជាជន ពិសេសចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នឹងត្រូវបានប្រជាពលរដ្ឋគោរព គាំទ្រយ៉ាងច្រើនលើសលប់ ក្នុងវិស័យព្រះពុទ្ធសាសនា ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានកោតសរសើរចំពោះការដឹកនាំក្នុងវិស័យព្រះពុទ្ធសាសនា ក៍ដូចជាការកសាងសមិទ្ធផល ដ៏ធំស្កឹមស្កៃជាច្រើន នៅក្នុងបរិវេណវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក៍ដូចជាតាមវត្តអារាមនានានៅទូទាំងខេត្ត របស់ព្រះគ្រូទេពសត្ថាបារមីសៀង  សុខដែលមានការរីកចំរើនគួរជាទីមោទនៈ ។

ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងយោធិនក្រោមឱវាទ នឹងបន្តគាំទ្រ ព្រមទាំងចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា និងការរៀបចំទៅជាទាន ភេសជ្ជៈសម្រាប់ប្រគេននិងផ្គត់ផ្គង់ព្រះសង្ឃបន្តទៅទៀតផងដែរ។

ព្រះតេជគុណព្រះទេពសត្ថាបារមីសៀង សុខ ព្រះមេគណខេត្តកំពង់ធំ បានមានសង្ឃដីកាថ្លែងអំណរគុណ ត្តមសេនីយ៍ទោសោមស៊ុន និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដឹកនាំនូវអង្គផ្កាប្រាក់មហាសាមគ្គី  ដែលមានបច្ច័យចំនួន  ៦ លានរៀល  ទេយ្យទាន និងភេសជ្ជៈមួយចំនួនមកវេរប្រគេនក្នុងពិធីបុណ្យ វត្តឥន្ទ្រីយ៍សំវរៈ(កំពង់ធំ ) ដើម្បីបានជាបច្ច័យចូលរួមកសាងនូវសាលាឆាន់ថ្មី  និងបានជាប្រយោជន៍តម្កល់ទុកជាសម្បត្តិក្នុងព្រះពុទ្ធសាសនា ។

សូមប្រសិទ្ធិពរជ័យសិរិមង្គលវិបុលសុខ  មហាប្រសើរជូនដល់  ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន   និង លោក ជំទាវ  ព្រមទាំងបុត្រ  និងយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ គ្នា  សូមមានសុខភាពល្អបរិបូរ   កម្លាំងកាយមាំមួន  ជន្មាយុយឺនយូរ  ទទួល បានជោគជ័យ គ្រប់ ៗភារកិច្ច  និងប្រកបព្រមដោយព្រះពុទ្ធពរ៤ប្រការគឺ៖អាយុ  វណ្ណៈ  សុខៈ  ពលៈ  កុំបីអាកខានឡេីយ៕

ដោយ ប៊ុន រដ្ឋា