កំពង់ធំ៖ នាព្រឹកថ្ងៃ០១ ខែមិនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យបង្អែកចំនួន ៣ ក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩មជូនបុគ្គលិកសុខាភិបាល មន្ត្រីនគរបាល ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត មានទីតាំងនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុកស្ទោង និងមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ និងមន្ទីរពេទ្យបង្អែកស្រុកសន្ទុក។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ សុខ លូបានថ្លែងថា ការចាក់វ៉ាក់សាំងនេះ គឺមិនមានការបង់ប្រាក់ទេ ហើយតាមការស្ម័គ្រចិត្ត និងបន្តចាក់ជូនជាបន្តបន្ទាប់តាមលំដាប់អាទិភាព តាមគោលការណ៍របស់ក្រសួងសុខាភិបាល ទៅតាមដំណាក់កាល តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង។
ជាមួយគ្នានោះដែរ មន្ត្រីរាជការទាំងអស់ព្រមទាំងប្រជាពលរដ្ឋ សូមគោរពអរគុណសម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរជានិច្ចពីសុខភាពរបស់រាស្ត្រ និងមន្ត្រីរាជការ៕







































