(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជថានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ។
ខណៈពេលកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វេីការឡោមព័ទ្ធនិងបន្តស្រាវជ្រាវបង្ក្រាបក្រុមឧក្រិដ្ឋជនខាងលេីបន្ថែមទៀតទាល់តែអស់ ។ ព័ត៌មានលំអិតក្រុមការងារយេីងនឹងបន្តនៅពេលក្រោយ ៕