ខេត្តព្រះវិហារ៖ ប្រសាសន៍ជម្រុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានរបស់ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការបក្សខេត្ដ និងជាប្រធានក្រុមការងារថ្នាក់ខេត្ដ ចុះមូលដ្ឋានស្រុកឆែប លោក ច័ន្ទ សុភ័ក្រ្ដា បានថ្លែង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ច សម្រាប់ឆ្នាំ២០២១។
កិច្ចពិភាក្សានោះបានធ្វើឡើងនៅថ្ងៃទី២៨ កុម្ភះ ឆ្នាំ២០២១ នៅសាខាគណបក្សស្រុកឆែប ដែលមានការចូលរួមពី ប្រធានគណៈកម្មាធិការបក្សស្រុក លោក សុខសាន ដារ៉ា ក្រុមការងារបក្សខេត្ត ចុះជួយស្រុកឆែប និងមន្ត្រីបក្សនៅក្នុងមូលដ្ឋានប្រមាណ ៨០នាក់ ផងដែរ។
ប្រធានគណៈកម្មាធិការគណបក្សស្រុកឆែប លោក សុខសាន ដារ៉ា បានឡើងរាយការណ៍ អំពីស្ថានភាពទូទៅ និងលទ្ធផលការងារ ក៏ដូចជាសមិទ្ធផលនានា ដែលបក្សស្រុក និងមន្ត្រីបក្សប្រជាជនក្នុងមូលដ្ឋាន សម្រេចបានក្នុងឆ្នាំ២០២០ កន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងសម្រេចបានលទ្ធផលនានា ជូនបក្សនាពេលនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅមិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយដែរ ហើយកិច្ចការងារដែលនៅសេសសល់ទាំងនោះ នឹងត្រូវលើកយកមកពិភាក្សា និងបន្តអនុវត្តនៅក្នុងឆ្នាំ២០២១នេះ ដើម្បីរកវិធានការដោះស្រាយបញ្ចប់ និងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ជាពិសេស នឹងខិតខំពង្រឹងគោលជំហរ និងស្មារតីមន្ត្រីបក្សនៅក្នុងមូលដ្ឋានឲ្យបានរឹងមាំ ដើម្បីត្រៀមប្រកួតប្រជែងយកឈ្នះលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ខាងមុខនេះ។
ប្រធានក្រុមការងារថ្នាក់ខេត្ដ ចុះមូលដ្ឋានស្រុកឆែប លោក ច័ន្ទ សុភ័ក្រ្ដា បានថ្លែង កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំក្រុមការងារបក្សខេត្ត ចុះជួយស្រុកឆែប ថ្នាក់ដឹកនាំ និងមន្ត្រីបក្សនៅក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលនៅរយៈកាលកន្លងមក ក៏ដូចជានៅក្នុងពេលបច្ចុប្បន្ន តែងបានសហការគ្នាយ៉ាងស្អិតរមួត ក្នុងការបំពេញតួនាទី ភារកិច្ច ការកសាងរចនាសម្ព័ន្ធបក្សនៅក្នុងមូលដ្ឋាន និងកសាងបានសមិទ្ធផលនានាជាច្រើនទៀត ជូនបក្ស បានយ៉ាងគាប់ប្រសើរ។
លោក ច័ន្ទ សុភ័ក្ត្រា បានចាត់ទុកកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នា រវាងថ្នាក់ដឹកនាំ និងមន្ត្រីបក្សនៅក្នុងមូលដ្ឋាន គឺជាកម្លាំងមួយដ៏មុតស្រួច ហើយក៏មិនងាយនឹងធ្វើឲ្យបក្សនយោបាយផ្សេងៗទៀត មានប្រៀបលើគណបក្សប្រជាជនកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជាដាច់ខាត។
លោក ច័ន្ទ សុភ័ក្ត្រា បានជម្រុញដល់ថ្នាក់ដឹកនាំបក្សស្រុក និងមន្ត្រីបក្សមូលដ្ឋានទាំងអស់ ត្រូវខិតខំបន្ថែមទៀត ទាំងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ការអភិវឌ្ឍមូលដ្ឋានជូនបក្ស ត្រូវពង្រឹងគោលជំហរ និងសតិអារម្មណ៍មន្ត្រីបក្ស សមាជិក សមាជិកានៅក្នុងជួរបក្ស ត្រូវរកវិធានការដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ ឲ្យបានចប់សព្វគ្រប់ ជូនមន្ត្រីក្នុងមូលដ្ឋានឲ្យបានល្អ ត្រូវខិតខំធ្វើអំពើល្អ និងត្រូវចេះជួយដោះទុក្ខធុរៈជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយបក្ស ដើម្បីគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិ នៃព្រឹទ្ធសភាជាតិ ដែលនឹត្រូវឈានចូលមកដល់ ក្នុងឆ្នាំ២០២២ ខាងមុខនេះ ព្រោះគណបក្សប្រជាជនកម្ពុជា គឺនៅកៀកជិតជាមួយប្រជាជន និងការរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់ពេលវេលា។
លោកប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប បានឧបត្ថម្ភថវិកា ១លានរៀល ដល់គណកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកឆែប ទុកសម្រាប់ដោះស្រាយកិច្ចការងារនានារបស់បក្ស ដែលស្ថិតនៅក្នុងមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ៕