ភ្នំពេញ ៖ ស្រ្តីម្នាក់រងរបួសធ្ងន់និងបុរសម្នាក់គៀបជាប់ក្នុងកាប៊ីនរថយន្ត បន្ទាប់ពីបើករថយន្តយ៉ាងលឿនទៅបុករថយន្តដឹកមេស៊ីម៉ង់ត៍ដែលចតចោលនៅលើទ្រូងផ្លូវបណ្ដាលឱ្យក្រឡាប់មួយចំហៀងចាក់ចោលថ្មតូចៗពេញផ្លូវ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុចខាងត្បូងសាលាកូរ៉េប្រមាណ ប្រហែល៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សូរ ភាព ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះឡើយដោយបើករថយន្តដឹកថ្មតូចៗក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F.3040គៀបជាប់រងរបួសធ្ងន់។រថយន្តដឹកមេសុីម៉ង់ត៏ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A.8556 អ្នកបើកគិចខ្លួនបាត់។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ដំបូងឡើយគឺមានរថយន្តដឹកមេស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយបានចតលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះបែរក្បាលទៅទិសខាងជើង ខណ:កំពុងតែចតក៏ស្រាប់តែមាន រថយន្តដឹកថ្មតូចៗ បើកបរតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីត្បូងមកជើង យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងស្ដាំដៃទៅបុកចំពីចំហៀងខាងឆ្វេងខាងក្រោយរថយន្តដឹកមេស៊ីម៉ង់ត៍ចំកង់ខាងក្រោយ បណ្ដាលឲ្យបែកកង់អស់២កង់និងកំពិតកាងក្រោយ ។ រថយន្តមិនទាន់អស់ល្បឿនបានទៅមុខប្រមាណ២០ម៉ែត្រក៏រ៉េចង្កូតមកស្ដាំដៃបុកចូលមុខផ្ទះប្រជាពលរដ្ឋធ្លាក់ចូលប្រឡាយលូទឹកស្អុយក្រឡាប់ផ្ងារជេីងមួយចំហៀងក្រពុុកថ្មតូចៗ ពេញផ្លូវ និងស្រ្តីម្នាក់រងរបួសត្រូវបាន ប្រជាពលរដ្ឋទាញចេញយកទៅសង្គ្រោះភ្លាមៗ។ ចំណែកឯតៃកុងគៀបជាប់នៅក្នុងរថយន្តរហូតដល់ខាងសង្គ្រោះបន្ទាន់ផ្នែក 711 កងពលតូច ង70 បានមកជួយសង្គ្រោះកាត់ដែកចេញយកតែកុងដែលគៀបជាប់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕