សង្ស័យមានការឃុបឃិតជាមួយលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្តីទើបដីព្រៃលិចទឹកក្នុងស្រុកជីក្រែង ត្រូវបានគេទន្ទ្រានឈូសឆាយធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

0

ខេត្តសៀមរាប៖ ដីព្រៃលិចទឹក ក្នុងតំបន់៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង កំពុងត្រូវបានគេទន្ទ្រាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធិ ដែលករណីនេះ ត្រូវបានគេដាក់ការសង្ស័យថា ជាការឃុបឃិតគ្នាជាមួយលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្តី។ប្រភពពីប្រជាពលរដ្ឋស្រុកជីក្រែង បានឲ្យដឹងថា អស់ពេលជាងបីឆ្នាំមកហើយ ដែលដីព្រៃលិចទឹក នៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ ខាងជើងត្រពាំងដងហាក់ ស្ថិតនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ត្រូវបានឈ្មោះ ភាជ ភាវ ទន្រ្ទានឈូសឆាយយកម្តងបន្តិចៗ ដែលរហូតមកដល់ពេលនេះមានំហំប្រមាណជា២០ហិកតា។ ដោយឈ្មោះនេះ បានសំអាងថា ដីព្រៃលិចទឹកនេះ ជាដីកេរ្តិ៍ដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម។
ប្រភពពីពលរដ្ឋដដែល បានឲ្យដឹងថា ការលើកឡើងរបស់ឈ្មោះ ភាជ ភាវ នេះ គ្រាន់តែជាលេស ប៉ុន្តែការពិត គឺជាការឃុបឃិតគ្នារវាងលោកភាជ ភាវ និងមន្ត្រីជំនាញជលផលកំពង់ក្តី ដែលមាន លោក ជុំ ភាព ជានាយសង្កាត់។ ប្រភពបន្តថា ការដែលគេអះអាងបែបនេះ ដោយសារគេឃើញលោក ជុំ ភាព នេះបានចុះទៅទីតាំងខាងលើជាញឹកញាប់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោកស្រី សែន សុផល មេឃុំឫស្សីលក ឲ្យប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីធ្លាប់បានហៅលោក ភាជ ភាវ មកអប់រំដែរតែលោក ភាជ ភាវ មិនព្រមស្ដាប់ដោយនិយាយបញ្ច្រាសមកវិញថាដីទីនោះគឺជាដីកេរ្តិ៍មរតករបស់ដូនតារបស់ខ្លួនតាំងពីសម័យរាស្ត្រនិយមមកម្ល៉េះ។
លោកស្រីបានបន្តទៀតថា អ្នកស្រីធ្លាប់ហៅប្រជាពលរដ្ឋមកប្រជុំអប់រំហាមប្រជាពលកុំឲ្យរដ្ឋទន្រ្ទានដីព្រៃលិចទឹកទាំងនោះ ព្រោះដីព្រៃលិចទឹកទាំងនោះបច្ចុប្បន្នគឺជាដីរបស់រដ្ឋ ទើបគ្មានប្រជាពលរដ្ឋណាហ៊ានទន្ទ្រាន លើកលែងតែលោក ភាជ ភាវ នេះម្នាក់ប៉ុណ្ណោះ ដែលនៅបន្តសកម្មភាព។ បើទោះយ៉ាងនេះក្តី អ្នកស្រីមេឃុំ បានអះអាងថា អ្នកស្រីធ្លាប់បានឃើញលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្តី ធ្លាប់ទៅកន្លែងដីដែល លោកភាជ ភាវ ទន្ទ្រានជាញឹកញ៉ាប់ប៉ុន្តែលោក ភាជ ភាវ នៅតែបង្កបង្កើនផលបានដដែល។
លោកជុំ ភាព មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយពេលហៅទូរស័ព្ទទៅលោកត្រូវបានអ្នកទទួលឆ្លើយបដិសេធថា មិនមែនជាលោកជុំ ភាព ទេ ចំណែកលោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែងទទួលបន្ទុកផ្នែកជលផល ក៍មិនអាចសុំការពន្យល់តាមប្រព័ន្ធសារអេឡិចត្រូនិច(តេលេក្រាម)តែលោកបានមើលហើយតែមិនឆ្លើយតបនៅរសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១នេះ៕ ដោយ វេហាស៍