ខេត្តកំពង់ធំ៖ មន្ត្រីនគរបាល និងមន្ត្រីសុខាភិបាលក្នុងខេត្តកំពង់ធំចំនួន ២.៥០០នាក់ ទទួលបានការចាក់វ៉ាកសាំងកូវីដ-១៩។ នេះបើយោងតាមការឲ្យដឹងពី លោក ប៉ែន សុខឿន ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការខេត្តកំពង់ធំ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
លោក ប៉ែន សុខឿន ថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកស្ទោង មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ និងមន្ទីរពេទ្យបង្អែកស្រុកសន្ទុក ដោយចាប់ផ្តើមចាក់ ចាប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១តទៅ។
លោក ប៉ែន សុខឿន មានប្រសាសន៍ថា “ជំហានទី១ យើងចាក់ចំពោះមន្ត្រីសុខាភិបាល និងអង្គភាពនគរបាលខេត្ត ព្រោះមន្ត្រី ២ស្ថាប័ន គឺជមន្ត្រីជួរមុខរបស់យើង។ បានផ្ដល់ជូនចាក់សាំងទៅដល់មន្ត្រីសុខាភិបាល និងមន្ត្រីប៉ូលិស នៅក្នុងនៅក្នុងខេត្តកំពង់ធំ មានចំនួន ២.៥០០នាក់”។
លោកបានបន្ថែមថា ចំពោះអ្នកបានចាក់វ៉ាងការពារជំងឺឆ្លងនេះ ត្រូវមានការតមអាហារដូចជា គ្រឿងអាហារសមុទ្រ គ្រឿងស្រវឹង មិនឲ្យធ្វើការងារធ្ងន់ និងអាហារណាដែលងាយប្រតិកម្ម។ ចំណែកបុគ្គលរូបណា មានជំងឺដូចជា ជំងឺលើសឈាមដែលគ្រប់គ្រងមិនបាន ជំងឺបេះដូង ជំងឺអេដស៍ និងជំងឺធ្ងន់ៗគឺមិនអាចទទួលការចាក់វ៉ាក់សាំងបានឡើយ។
ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការខេត្តកំពង់ធំ ថ្លែងបញ្ជាក់ថា សូមជម្រាបជូនអស់លោក លោកស្រីទាំងអស់ដែលបានមកទទួលវ៉ាក់សាំងចាប់ពីថ្ងៃដំបូងទៅតាមកម្មវិធីចាក់ថ្នាំបង្ការការឆ្លងនេះ គឺគិតថាជាម្ជុលទី១ ទៅដល់ម្ជុលទី២ គឺមានរយៈពេល ១៤ថ្ងៃ។ ចំណែកអស់លោក លោកស្រីទាំងអស់ ដែលមានវត្តមានមិនបានមកចាក់វ៉ាក់សាំង នៅទីនេះវិញ គឺមកចាក់ចាប់ពីថ្ងៃទី១៤ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែមីនាជាកំហិត។ បើអស់លោក លោកស្រី ដែលខកខានមិនបានមកលើកទី២ ថ្ងៃទី២៨ ខែមីនា ទេ នោះចាត់ទុកថាមិនបានទទួលវ៉ាក់សាំងហើយគ្មានប្រសិទ្ធភាព ដូច្នោះអស់លោក លោកស្រីត្រូវវិលទៅចាក់វ៉ាកសាំងលើកទី១វិញ។
ទម្ទឹមនោះ មន្ត្រីសុខាភិបាល មន្ត្រីនគរបាល បានសម្តែងគាំទ្រ និងជឿជាក់ ទៅលើថ្នាំចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ហើយត្រេកអរសប្បាយរីករាយជាខ្លាំងដែលបានទទួលចាក់វ៉ាក់សាំង និងជាពិសេស ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តដាក់បងប្អូប្រជាពលរដ្ឋ៕ដោយ ប៊ុនរដ្ឋា