ការចាក់វ៉ាក់សាំងការពារកូវីដ១៩(ស៊ីណូហ្វាម) នៅខេត្តកំពតចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការចុះពិនិត្យ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត។ តាមមន្ត្រីជំនាញបានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩(ស៊ីណូហ្វាម)ក្នុងជំហ៊ានដំបូងនៅកំពតសម្រាប់តែ ថ្នាក់ដឹកនាំ និងមន្ត្រីជួរមុខចំនួនជាងបីពាន់នាក់ប៉ុណ្ណោះ ចំណែកប្រជាពលរដ្ឋទូទៅនឹងត្រូវចាក់នាពេលបន្ទាប់។ លោក ស៊ីន ចូវ ជាប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (ស៊ីណូហ្វាម) នៅក្នុងខេត្តកំពត មាន៥ទីតាំង ១-មន្ទីរពេទ្យបង្អែកខេត្តកំពត, ២-មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ, ៣-មន្ទីរពេទ្យបង្អែកស្រុកឈូក, ៤-មន្ទីឬពេទ្យបង្អែកប៊ុនរ៉ានី-ហ៊ុនសែន កោះស្លា និងទី៥-មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។ លោកបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឡើងដោយស្ម័គ្រចិត្ត ក្នុងជំហ៊ានដំបូងនេះ ជូនដល់ មន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងខេត្តកំពត សរុបមានចំនួន ៣១៧៨នាក់ ។កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួច បានប្រាប់ឲ្យដឹងថា ការចាក់វ៉ាក់សាំងគ្មានអ្វីគួរឲ្យព្រោះបារម្ភទេ ព្រោះគ្រួពេទ្យជំនាញបានពិនិត្យ និងសួនាំយ៉ាងច្បាស់លាស់មុនពេលចាក់។ លោកបញ្ជាក់ថា ទោះបានចាក់វ៉ាក់សាំងរួចក៏ពិតមែន តែលោកនៅតែបន្តអនុវត្តតាមវិធានការណែនាំជាប្រចាំ ពិសេសតាមបទបញ្ជាសម្តេចតេជោ “បីកុំ បីការពារ” ។
ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ សម្ដេចតេជោហ៊ុន សែន តែងតែបានខិតខំយកចិត្តទុដាក់ ណែនាំនឹងដាក់បទបញ្ជា និងវិធានការសុខាភិបាល យ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព។ ពិសេសសម្តេចបានស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន នឹងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទៅរបស់ខ្លួនដោយការស្ម័គ្រចិត្ត៕