សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភប្រេងម៉ាស៊ូតចំនួនមួយម៉ឺនលីត្រសម្រាប់ឈូសឆាយដីសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ច

0

ខេត្តកំពង់ធំ ៖ សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានជួយឧបត្ថម្ភប្រេងម៉ាស៊ូតចំនួនមួយម៉ឺនលីត្រ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ឈូសឆាយដី សាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តមគង់ កន្នារិទ្ឋ ជំនួយការផ្ទាល់ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម បានអញ្ជើញចុះមកត្រួតពិនិត្យការវឌ្ឍនភាពថ្មី ក្នុងការឈូសឆាយដី សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន ១៥៦ គ្រួសារនៅលើទីតាំងដីសម្បទានសង្គមកិច្ច កាលពីរសៀលថ្ងៃទី ២ខែមីនាឆ្នាំ ២០២១ និងបាននាំយកនូវថវិកាសម្រាប់ទិញប្រេងម៉ាស៊ូតចំនួនមួយម៉ឺនលីត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រេងម៉ាស៊ូតចំនួនមួយម៉ឺនលីត្រ ត្រូវបានប្រគល់ជូនឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីប្រើប្រាស់គ្រឿងចក្រ រៀបចំដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។

និងបានមើលឃើញពីទុក្ខលំបាក របស់អតីតយុទ្ធជន កន្លងមកបានលះបង់សាច់ស្រស់ឈាមស្រស់ រួមចំណែកជាមួយសម្ដេចតេជោហ៊ុនសែន អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញដូចសព្វថ្ងៃនេះ យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានការលះបង់ខ្ពស់របស់អតីតយុទ្ធជននិងបានគោរពជូនពរសម្ដេច បុត្រា បុត្រីចៅប្រុសចៅស្រី សូមបានជួបប្រទះតែសេចក្តីសុខ និងនឹងពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។

ដោយ ប៊ុន រដ្ឋា