ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន អមដំណើរដោយលោកម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងអាជ្ញាធរដែនដី បានអញ្ជើញចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ៦គ្រួសារនិងយុវជនពិការ ដោយសារជំងឺស្វិតដៃជើងដើរពុំរួច ដេកនៅតែនិងកន្ទេល៧ឆ្នាំមកហើយ រស់នៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ ថវិកា និងរទេះរុញសម្រាប់ជនពិការមួយគ្រឿង ពីឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវពេជ្រ ច័ន្ទមុន្នី នៅល្ងាចថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល និងប្រទេសជាតិយើងកំពុងរងផលប៉ះពាល់ ដោយសារការឆ្លងរីករាលដាល នៃមេរោគ covid-19។
ឧត្តមសេនីយ៍ទោសោមស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពការពារការឆ្លងរីករាលដាលមេរោគ covid-19 ដោយត្រូវអនុវត្តវិធានការ3 ការពារ គឺពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម និងលាងសម្អាតដៃញឹកញាប់ជាមួយអាកុល់ ជែល ឬសាប៊ូ និងអនុវវត្តវិធានការ 3 កុំ របស់សម្ដេចតេជោហ៊ុនសែន ដើម្បីសុខភាពយើងក្រុមគ្រួសារយើងនិងសង្គមជាតិយើង ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនៅពេលនេះ គឺជាអំណោយសប្បុរសធម៌របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ្រច័ន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននៅអង្ករចំនួន ២៥ គីឡូក្រាម មីយើងមួយកេស ទឹកត្រីមួយយួរ និងថវិកាមួយផងដែរ ដោយឡែកយុវជនពិការជើង បានទទួលរទេះរុញថ្មីសម្រាប់ជនពិការមួយគ្រឿងផងដែរ។
លោកម៉ាក់ ប៊ុនហុង តំណាងឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែន បាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវ ព្រមទាំងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដោះស្រាយនូវការលំបាកជូនប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នៅពេលនេះ ។
ដោយ ប៊ុន រដ្ឋា




































