សមត្តកិច្ចបង្ហើបករណីនារី​​វ័យក្មេង​ម្នាក់បាន​ត្រូវ​ឃាតក អារ ក បណ្តាល ឱ្យ​ស្លាប់ ក្នុង​ថ្លុកឈាម នៅក្នុង​បន្ទប់ នៃ​ផ្ទះជួល​មួយ ម្តុំ​គ្លីនិក​នគរ​រាជ្យ

0

បន្ទាយ​មាន​ជ័​យ៖ នារី​​វ័យក្មេង​ម្នាក់ បាន​ត្រូវ​ឃាតក អារ ក បណ្តាល ឱ្យ​ស្លាប់ ក្នុង​ថ្លុកឈាម នៅក្នុង​បន្ទប់ នៃ​ផ្ទះជួល​មួយ ម្តុំ​គ្លីនិក​នគរ​រាជ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ ប៉ែត ក្រុង​ប៉ោយប៉ែត កាលពី​វេលាយប់ ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ ។​
​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ បានឱ្យដឹង​នៅ​ព្រឹក ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ​ថាៈ នារី​រងគ្រោះ ឈ្មោះ ហួន ស្រី អាយុ ២២ ឆ្នាំ ជា​បុគ្គលិក បម្រើ​ការងារ ក្នុង​កាស៊ីណូ ពូ​លី ម្តុំ​នាគ​ទិព្វ​២ ផ្នែក Slot Super Machine (​កាស៊ីណូ​ក្រៅ​ប្លុក កាស៊ីណូ​ចាស់ ដែល​ជនជាតិខ្មែរ អាច​ចូល​លេង​បាន ឬ​ហៅ​ក្រុម​កាស៊ីណូ​ខ្មែរ​) ។
​ ប្រភព​នោះ បាន​បង្ហើប​ឱ្យដឹងថាៈ រឿងនេះ ត្រូវបាន​គេ​ព្យាយាម​បិទ ប៉ុន្តែ​ទោះបីជា​យ៉ាងណា វា​ក៏បាន​បែកធ្លាយ​បាន ពោលគឺ​ការស្លាប់​របស់​នាង ស្រី​ស្រស់ រូប​ស្អាត​ក្មេងខ្ចី​នោះ បាន​ត្រូវគេ​ដាក់​ការសង្ស័យថា អាច​នឹង​កើតឡើង តាំងពីព្រឹក​មកម្ល៉េះ ប៉ុន្តែ​ដល់ពេល​ល្ងាច​ហើយ ទើប​ដឹង គឺ​នៅពេល​មាន​មនុស្ស ទៅ​គោះទ្វារ រក​នាង​ដល់​បន្ទប់​ជួល​នោះ​។​
​ ប្រភព​មួយទៀត បាន​អះអាងថាៈ មុនពេល​មានការ​ភ្ញាក់ផ្អើល នូវ​ហេតុការណ៍​នេះ ពាល​គឺ នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី​២ ខែមីនា ឈ្មោះ ប៉ាត ស្រី​ល័​ក្ខ អាយុ ២៩ ឆ្នាំ ភេទ​ស្រី ត្រូវជា​មិត្ត​រួមការ​ងារ​ជាមួយ​នារី​រងគ្រោះ បាន​វិលត្រឡប់ មកពី​ធ្វើការ​វិញ ហើយ​បាន​ទៅរក​នារី​រងគ្រោះ ដល់​បន្ទប់​។ លុះ​មកដល់​បន្ទប់ ឈ្មោះ ប៉ាត ស្រី​ល័​ក្ខ បានឃើញ​បិទទ្វារ​ចាក់សោរ ខ្ទាស់​ជាប់ ទោះបី​គោះទ្វារ​យ៉ាងណា ក៏​មិនឮ ទើប​ឈ្មោះ ប៉ាត ស្រី​ល័​ក្ខ យក​កូនសោរ ពី​ម្ចាស់​ផ្ទះជួល ចាក់​ទ្វារ ក៏​ស្រាប់តែ​ឃើញ ឈ្មោះ ហួន ស្រី ដេកស្លាប់​លើ​គ្រែ​ពូក ដោយមាន​ឈាម ជាប់​នឹង​ដងខ្លួននិង ក ផង ។​
​ ប្រភពពី​អ្នក​ជិតស្និទ្ធ ជាមួយ​នារី​រងគ្រោះ បានបញ្ជាក់​ឱ្យដឹងថា៖នារី​រងគ្រោះ ធ្លាប់មាន​ទំនាក់ទំនង ស្នេហា​ស៊ីជម្រៅ ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ ហើយ​នៅពេល​មាន​ករណី​ឃាតកម្ម លើ​នារី​រងគ្រោះ បុរស​ជនជាតិ​ចិន​ម្នាក់​នោះ ក៏បាន​បាត់​ខ្លួន​ដែរ​។​
​ សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​អាជ្ញាធរ​ដែនដី បាន​កំពុងតែ​ដុតដៃដុតជើង អង្កេត​ស្រាវជ្រាវ ដើម្បី​បំបែក​រឿងក្តី ឃាតកម្ម​នេះហើយ ៕ដោយ៖ ឃិន គន្ធា