សៀមរាប= លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានប្រតិកម្មទៅនិងបុរសម្នាក់ដែលកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិដោយអះអាងថាជាដីកេរ្តិ៍ពីដូនតារបស់ខ្លួន ក្នុងហេតុការណ៍នេះលោកទា គឹមសុទ្ធ បានបញ្ជាលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បង្កើតគណៈកម្មការចម្រុះចុះទៅត្រួតពិនិត្យមើលនៅចំណុច ត្រពាំងកូនក្តាន់និងត្រពាំងដងហាក់ ស្ថិតក្នុងភូមិបឹង ឃុំឫស្សីលោក ដែលមានឈ្មោះ ភាជ ភាវ រស់នៅភូមិស្ពានតូច ឃុំឬស្សីលោក ជាអ្នកទន្ទ្រានព្រៃលិចទឹកជាតំបន់ហាមឃាត។
ប្រតិបត្តិការចុះត្រួតពិនិត្យមើលការកាប់ទន្ទ្រាន់ព្រៃលិចទឹកនេះបានធ្វើឡើងកាលពីថ្ងៃទី០៣និងទី០៥ ខែមិនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ម៉ូវ ជា អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង និងជាគណះបញ្ជារការឯកភាពស្រុកជីក្រែង ដឹកនាំចុះទៅពិនិត្យមើលចំណុចដែលសារព័ត៌មានខេមរាបានចុះផ្សាយ។
លោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដីបានអោយដឹងថា កាលថ្ងៃទី០៣និងទី៥ខែមិនាឆ្នាំ២០២១ កម្លាំងចម្រុះបានឃាតខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះសូ ផុស ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិបឹង ឃុំឫស្សីលោក ជាមួយនិងវត្ថុតាងម៉ាស៊ីនបាញ់ថ្នាំសំលាប់កូនឈើ១គ្រឿង ហើយបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឫស្សីលោក ប៉ុន្តែត្រូវបានមេភូមិបឹង និងអ្នកស្រីសែន សុផល មេឃុំឫស្សីលោក អន្តរាគមន៍ដោះលែងវិញដោយអះអាងថា លោក សូ ផុស ជាមនុស្សមានសតិមិនប្រក្រតី! ក្នុងការដោះលែងជនសង្ស័យនេះក៏មានការរឹះគន់ពីសំណាក់មហាជនថា ដូចជាមានការលាក់បាំង ត្រូវដងត្រូវផ្លែគ្នាល្អណាស់ ( ពេលចាប់បានថា ជាមនុស្សសតិមិនប្រក្រតី ចុះពេលដុតបំផ្លាញព្រៃវិញមិចមិនថាសតិមិនប្រក្រតីផង)។
លោកជុំ ភាព នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្តីបានទទួលស្គាល់ថាពិតជាមានការទន្ទ្រានព្រៃលិចទឹកយកមកធ្វើជាកម្មសិទ្ធិនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនពិតមែន តែមិនមែនមានតែម្នាក់នោះទេគឺមាន៤នាក់ទៀត ទី១ ម្នាក់ឈ្មោះ ភាជ ភាវ និង៣នាក់ទៀតលោកមិនបានប្រាប់ឈ្មោះទេ។
លោក សម៉ាប់ នាយផ្នែករដ្នបាលជលផលកំពង់ឃ្លាំងបានអោយដឹងថា សមត្ថកិច្ចបានចាប់លោក សូ ផុស ដែលមានការអះអាងថាជាមនុស្សសតិមិនល្អនេះមកឃុំ ដើម្បីអោយបងប្អូនធានាថាមិនអោយទៅរស់នៅតំបន់ព្រៃលិចទឹកខាងលើនេះទេ ខ្លាចគាត់ដុតព្រៃទៀតព្រោះ ធ្លាប់ដុតព្រៃលិចទឹកនៅតំបន់ហាមឃាតនេះអស់៥ហិចតា ហើយធ្លាប់កាប់គេស្លាប់កាលពី១០ឆ្នាំមុន ក្រោយដោះលែងពីគុក បានមករស់នៅចំនុចព្រៃលិចទឹកនេះ ដោយសមត្ថកិច្ចប្រាប់ លោក ស ម៉ាប់ថា ឈ្មោះ សូ ផុស នេះមិនមែលឆ្កួតទេតែទំលាប់ធ្វើឆ្កួតៗតែប៉ុណ្ណោះ ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានផ្ដល់បទសំភាសតាមទូស័ព្ទថា ដីព្រៃលិចទឹកនេះពិតជានៅក្នុងការដែនគ្រប់គ្រងរបស់លោក ជុំភាព នាយសង្កាត់រដ្នបាលជលផលកំពង់ក្ដីពិតមែន តែមិនមែនលោកជុំភាព ប្រឹងលាក់បាំងបទល្មើសទេគឺមិនអាចមើលនិងការពារបាន ដោយសារជនល្មើសលួចកាប់ ! ក្នុងប្រតិបត្តិការនោះកម្លាំងយើង បានឃាតខ្លួនជនល្មើសបានម្នាក់ ឈ្មោះភាជ ភាវ នេះបានរៀចចំបញ្ចូនឈ្មោះទៅតុលាការហើយ ចំណែក ៣នាក់ទៀតមិនទាន់ចាប់បានទេ តែបានធ្វើសាវតាជាតិបញ្ជូនទៅតុលាការរួចហើយដើម្បីអោយតុលាការចាត់ការ ៕