កោះកុង ៖ ដើម្បីត្រៀមក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពីគ្រោះមហន្តរាយទឹកជំនន់ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ ឯស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំធ្វើការហ្វឹកហាត់ដល់កម្លាំងប៉ូលិសចំនួន៤០នាក់ ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋ
នៅពេលដែលជួបនឹងបញ្ហាទឹកជំនន់។ លោកឧត្តមសេនីយ៏ត្រី សំ ឃិតវៀន ស្នងការប៉ូលិសខេត្តកោះកុងដែលបានដឹកនាំការហ្វឹកហាត់នោះ បានមានប្រសាសន៍ថា ដើម្បីធើ្វឲ្យកម្លាំងកាន់តែមានសមត្ថភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលដែលមានគ្រោះទឹកជំនន់កើតឡើង ស្នងការនគរបាលខេត្ត បានធ្វើការហ្វឹកហាត់ដល់កម្លាំងប៉ូលិសចំនួន៤០នាក់ ត្រៀមបង្កាទុកជាមុននិងបងើ្កនចំណេះដឹង
ដល់ពួកគេពិរបៀបហែលទឹក ការប្រើប្រាស់ទូក ឬអូរប័រនិងការជួយសង្គ្រោះជាបឋម។ លោកស្នងការបានបន្តថា ទន្ទឹមនិងការហ្វឹកហាត់កងកម្លាំងឲ្យមានចំណេះដឹង ស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏បានត្រៀមជាស្រេចហើយដែរ នូវរថយន្តពេទ្យ និងរថយន្តដឹកជញ្ជូនចំនួន៤គ្រឿង, អូប័រចំនួន៣គ្រឿង និងម៉ូតូចំនួន១២គ្រឿង ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀត សម្រាប់បំរើដល់ការងារជួយសង្គ្រោះ និងដឹកប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។ បើតាមលោកឧត្តមសេនីយ៍ត្រី សំ ឃិតវៀន នៅក្នុងខេត្តកោះកុង តំបន់ដែលងាយរងគ្រោះដោយសារទឹកជំនន់ជាងគេ គឺមាន ទីមួយនៅតំបន់កោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងទី ពីរនៅតំបន់តាតៃ ស្រុកកោះកុង៕



































