ដោយ៖ចាន់ ធី.ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩៖០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១០៧ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ “ស្ត្រី ដើម្បីសុខសន្តិភាព និងវឌ្ឍនភាព” ។
ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ និងនគរបាលនារី សរុបចំនួន ២១នាក់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានជូននូវកម្រងផ្កាអនុស្សាវរីយ៍ និងកាដូរមាន ៖ សារ៉ុង ១ ក្រមា ១ និងថវិកាចំនួន ១០០,០០០ រៀល ដល់នគរបាលនារីសរុបចំនួន ១៦រូប ផងដែរ ។
ក្នុងពិធីសំណេះសំណាលនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងថា៖ ទិវាអន្តរជាតិដ៏មានសារៈសំខាន់នេះ គឺជាកម្លាំងចលករជម្រុញឱ្យស្ត្រីត្រូវខិតខំពង្រឹង និងពង្រីកសកម្មភាពបន្ថែមទៀតលើចំណេះដឹង ជំនាញ រក្សាភាពម៉ឺងម៉ាត់ ឧស្សាហ៍ព្យាយាម
អំណត់អត់ធន់ ចូលរួមក្នុងគ្រប់កិច្ចការងារ និងក្នុងតួនាទីធ្វើសេចក្តីសម្រេចនានា ដោយសារស្ត្រីជាភ្នាក់ងារនាំមកនូវការផ្លាស់ប្តូរឥរិយាបទ ឆ្ពោះទៅបង្កើនសេចក្តីសុខ សុវត្ថិភាព និងភាពចម្រើនរុងរឿងក្នុងគ្រួសារ និងសង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា ”ស្ត្រី ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ” ៕




































