រថយន្តទេសចរណ៍១គ្រឿងត្រូវបានរថយន្តដឹកដីបើកល្បឿនលឿនធ្វេសប្រហែសបានបុកពីក្រោយបណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល១៣នាក់

0

ខេត្តបាត់ដំបង÷ដោយសាតែអ្នកបើកបររថយន្តដឹកដីមួយចំនួនខ្វះការពិចារណានិងប្រុងប្រយ័ត្នក្នុងការបើកបរហើយប្រើល្បឿនលឿនមិនគិតដល់អាយុជីវិតអ្នកដទៃបានជ្រុលទៅបុករថយន្តទេសចរណ៍១គ្រឿងពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសក្មេងចាស់ធ្ងន់និងស្រាលចំនួន១៣នាក់។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងបឋមថា÷គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង៥:០០នាទីល្ងាច ថ្ងៃទី៨ខែមីនាឆ្នាំ២០២១នេះនៅត្រង់ចំណុចជិតភ្លើងស្តុបបាណន់ឋិតក្នុងសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង។សាក្សីខាងលើបន្តថា÷មុនពេលកើតហេតុគេបានឃើញរថយន្តទេសចរណ៍១គ្រឿងបានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ឺតៗល្មមលុះដល់ចំណុចកើតហេតុខាងក៏មានរថយន្តដឹកដី១គ្រឿងផ្សេងទៀតបានបើកបរក្នុងទិសដៅស្របគ្នាយ៉ាងលឿនហើយបានបុករថយន្តទេសចរណ៍ពីក្រោយទាំងកំរោលប៉ើងក្រឡាប់ទៅបុកផ្ទះប្រជាពលរដ្ឋតែម្តង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យមនុស្សនៅក្នុងរថយន្តទេសចរណ៍បានរងរបួសសរុបចំនួន១៣នាក់ជាបុគ្គលិកមណ្ឌលកុមារកំព្រាត្នោតជុំក្នុងនោះមានកុមារកំព្រារបស់អង្គការកុមារកំព្រាត្នោតជុំផងខណ:ពួកគេបានវិលត្រឡប់មកពីដើរកម្សាន្តនៅក្នុងទិវានារីអន្តរជាតិ៨មីនាក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។
នៅក្នុងចំណោមជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណទាំង១៣នាក់មានម្នាក់រងរបួសធ្ងន់ធ្ងរបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំណែកជនរងគ្រោះចំនួន១២នាក់ទៀតខ្លះរបួសរយះមុខមាត់ចង្ការនិងថ្ពាល់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃស្នងការនគរបាលខេត្តបាត់ដំបងផងដែរ៕សៅ សារិទ្ធ