កំពងធំៈ បច្ចុប្បន្នគេសង្កេតឃើញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាការប្រឈមយ៉ាងខ្លាំងចំពោះពលរដ្ឋខ្មែរ និងត្រូវបានអគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជាឲ្យតាមបណ្តាខេត្តក្រុង រឹតបន្តឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ និងបញ្ជៀសអាត្រាគ្រោះថ្នាក់ចរាណ៍។
ជាក់ស្តែងលោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាល ខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យលោក វរៈសេនីយ៍ត្រី ឈួន ឆៃយ៉ា នាយរងការិយាល័យចរាចណ៍ ផ្លូវគោកខេត្តកំពង់ធំ និងជាប្រធានដឹកនាំកំលាំង ចុះត្រួតពិនិត្យជាតិ អាកុល និងការបើកបរលើសល្បឿនកំណត់ កាលពីយប់ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៤ នៅចំនុចលើដងផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ដើម្បីរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក បើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។ 
លោក វរៈសេនីយ៍ត្រី ឈួន ឆៃយ៉ា បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ លោកស្នងការបានឲ្យចុះ ប្រតិបត្តិការសឹក ត្រួតពិនិត្យជាតិអាកុល និងការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ ព្រមទាំងត្រួតពិនិត្យ ប័ណ្ណបើកបរ ឯកសាររថយន្ត ដើម្បីធ្វើការណៃនាំ ដល់ម្ចាស់យានយន្ត ឲ្យបំពាក់នូវ សម្ភារៈយានយន្ត ឲ្យគ្រប់តាមលក្ខណៈបច្ចេកទេស ចំពោះអ្នកបើកបរម៉ូតូ ត្រូវមានកញ្ចក់ មានភ្លើងស្តប់ ព្រមទាំងពាក់មួកសុវត្តិភាព និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាណ៍ទាំងអស់គ្នា ។

តាមការវិភាគ ជាច្រើនករណី អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យកើតឡើង មកពីកត្តា បើកបរជែងគ្នា បើកបរលើសល្បឿនកំណត់ និយាយទូរស័ព្ទក្នុងពេលបើកបរ អោនរើសទូស័ព្ទខណៈពេលបើកបរ បើកបរក្នុងស្ថានភាពងងុយដេក ជាពិសេសកត្តាដែលបង្ករឲ្យគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺបើកបរក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង ដែលជាចំនុចក្តៅត្រូវបានទាមទារឲ្យមានការចូលរួមគោរពច្បាប់ ទាំងអស់គ្នា មិនថាមន្ត្រីរាជការ អង្កការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រោះសុទ្ធតែជាចំណីនូវឧបទ្ទព្វហេតុទាំងអស់ នៅពេលដែលការធ្វេសប្រហែសកើតឡើង។



































