ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសលើបំរាមរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញនាពេលថ្មីៗនេះ ដែលហាមប្រាមមិនឱ្យមានអ្នកដំណើរចេញ-ចូលខេត្តខេត្តមួយនេះ ខណៈពេលជំងឺកូវីដ-១៩កំពុងផ្ទុះរីករាលដាលខ្លាំង ។
ជាក់ស្តែង នៅវេលាម៉ោង ១១និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ ។
ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។
ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៖
ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត ។
សម្រាប់អ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ។
ដោយចំពោះអ្នកផ្តើមគំនិតដឹកនាំណែនាំញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។
សូមរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕




































