ខេត្តតាកែវ៖ បន្ទាប់ពីអាជ្ញាធរខេត្តកណ្ដាល បានបិទការស៊ីណូ និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនកោះធំ ដោយសារតែរកឃើញជនបរទេស ចំនួន៥នាក់បានឆ្លងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃ ថ្ងៃ អង្គារ៍ ទី០៩ ខែមិនា ឆ្នាំ២០២១នេះ សម្ថកិច្ចស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ដែលកំពុងតែស្ពាយកាបូបដើរនៅលើផ្លូវលេខ ១២៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់នេះ គឺបន្ទាប់ពីមានការរាយការពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនមួយក្រុមមានស្ពាយកាបូបបានដើរ លើផ្លូវលេខ ១២៩ ដែលនាំអោយប្រជាពលរដ្ឋមានការភ័យខ្លាចពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកអធិការស្រុកព្រៃកប្បាស បានថ្លែងបន្តថា ក្រោយការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់ កំលាំងសមត្ថកិច្ចនគបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត ដើម្បីឃាត់ខ្លួន និងបញ្ជូនជនជាតិចិនទាំង៩នាក់នោះ មកដាក់នៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យភូមិភាគតាកែវ ដែលស្ថិតនៅក្នុងក្រុងដូនកែវ៕