អភិបាលខេត្តកណ្តាល សម្រេចបិទកាស៊ីណូ និងបិទការធ្វើដំណើរចេញចូល ច្រកជ្រៃធំ បន្ទប់ពីរកឃើញជនបរទេសចំនួន៥នាក់ វិជ្ជមានវីរុសកូវីដ-១៩

កណ្តាល ៖ នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្តាល បានចេញសេចក្តីណែនាំទៅដល់រដ្ឋបាលស្រុកកោះធំ ឲ្យបិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងបិទការធ្វើដំណើរចេញចូល នៅតំបន់ទីប្រជុំជន ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុង លិខិតរបស់រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា ដោយយោង លើលទ្ធផលតេស្តរហូតមកដល់ពេលនេះ មានជនបរទេស ចំនួន ៥នាក់ ត្រូវបាន រកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ។ ដូច្នេះ ដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ ចូលទៅ ក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមធ្វើការណែនាំ ដូចខាងក្រោម៖

១. បិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូប៊ីន កាស៊ីណូក្រោន កាស៊ីណូហ្គន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន ។
២.បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំ ។

៣.ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាក ឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ។

៤. ត្រូវយកចិត្តទុកដាក់ខ្ពស់ ណែនាំបន្ថែមលើការងារបង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។ខ្លឹមសារទាំងស្រុងនៅខាងក្រោម