(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបិទតូបលក់សម្លៀកបំពាក់ ចំនួន ១២តូប និងមនុស្ស ២៥នាក់ត្រូវបានមន្ត្រីជំនាញយកសំណាកដើម្បីពិនិត្យរកវីរុសកូវីដ-១៩ បន្ទាប់ពីពួកគាត់បានប៉ះពាល់ដោយប្រយោល និងផ្ទាល់ជាមួយស្ត្រីជាអាជីវករលក់សម្លៀកបំពាក់មានផ្ទុកកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅសណ្ឋាគារ GREAT DUKE រាជធានីភ្នំពេញ ។
នៅរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយបន្ទាប់ពីមានស្រ្តីម្នាក់វិជ្ជមានជំងឺកូវីដ-១៩ ដែលជាអាជីវករលក់សម្លៀកបំពាក់ក្នុងផ្សារបាត់ដឹង ខេត្តកំពង់ស្ពឺ ។
យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានស្ត្រីម្នាក់ជាអាជីវករលក់សម្លៀកបំពាក់ក្នុងផ្សារបាត់ដឹង ខេត្តកំពង់ស្ពឺ មានផ្ទុកវីរុសកូវីដ-១៩ដែលបច្ចុប្បន្ននេះ កំពុងព្យាបាលនៅសណ្ឋាគារ GREAT DUKE រាជធានីភ្នំពេញ ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ដែលមានការពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលតែម្តង ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅចន្លោះម៉ោង ១៣ទៅ១៦រសៀល ថ្ងៃទី០៦ ខែមីនា កន្លងមកនេះ ស្ត្រីម្នាក់ជាអាជីវករលក់សម្លៀកបំពាក់បានយកសម្លៀកបំពាក់លក់តាមតូបក្នុងផ្សារបាត់ដឹង ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ ពេលនេះអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចាប់មានវិធានការទប់ស្កាត់បន្ទាន់ជៀសវាងមានការរីករាលដាលកាន់តែធ្ងន់ធ្ងរស្របតាមបទបញ្ជារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ។
ពាក់ព័ន្ធនឹងករណីខាងលើ អាជ្ញាធរបានសម្រេចបិទតូបលក់សម្លៀកបំពាក់ ចំនួន ១២តូប និងយកសំណាក់លើមនុស្ស ចំនួន ២៥នាក់ ក្នុងនៅអ្នករស់នៅស្រុកឧដុង្គ ១៧នាក់ ពញ្ញាឭ ០៣នាក់ និងស្រុកអង្គស្នួល ០៥នាក់ ដែលបានប៉ះពាក់ដោយផ្ទាល់ និងប្រយោលជាមួយស្ត្រីមានវិជ្ជមានកូវីដ-១៩ ដើម្បីរកវិរុសនេះ និងបន្តយកមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីតាមដានសុខភាពពួកគាត់ ។
ខណៈពេលនេះ អាជ្ញាធរខេត្តបានចាត់ក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ចុះធ្វើការស្រាវជ្រាវបន្ទាន់រកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើចត្តាឡីស័កដាក់ខ្លួនដាច់ដោយរយៈពេល ១៤ថ្ងៃសិន ។
ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបានខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តការខាងលើ ត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលជាពិសេសវិធានការ «៣កុំ ៣ការពារ» តែម្តង ។
ក្នុងករណី មានរោគសញ្ញា ដូចជា៖ ក្តៅខ្លួន ក្អក ហៀសំបោរ ឈឺបំពង់ក និងរោគសញ្ញាផ្សេងៗទៀតដែលសង្ស័យពាក់ព័ន្ធវីរុសកូវីដ-១៩ ត្រូវទៅកាន់មន្ទីរពេទ្យបង្អែក ឬរាយការណ៍ទៅអាជ្ញាធរភ្លាមៗដើម្បីមានវិធាការដោះស្រាយ និងទប់ស្កាត់ផងដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មី ៤៩នាក់ទៀត ក្នុងនោះ៖ ករណីឆ្លងសហគមន៍ ៤៨នាក់, អ្នកដំណើរពីបរទេស ០១នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប ១០៦០ នាក់, អ្នកជាសះស្បើយ ៥៣៨ នាក់ (+២១), អ្នកកំពុងព្យាបាល ៥២១ នាក់ ។




































